(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេ វីតាល់ ដែលតែងតែយកចិត្តទុក ដាក់លើសកម្មភាពសប្បុរសធម៌ បានបើកសម្ភោធការ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវធុងវីតាល់ ទទួលសៀវភៅ អានចាស់ៗ ក្នុងគោលបំណង ប្រមូលយកសៀវភៅ ទាំងនោះបរិច្ចាគ បន្តទៅសាលាសហគមន៍តាមទីជនបទ ដាច់ស្រយ៉ាល តាមបណ្តាខេត្តនានាទូទាំងប្រទេស។

កម្មវិធីនេះបានធ្វើឡើងនៅក្នុងសាលប្រជុំធំ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមវត្តមាន លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោកឧកញ៉ា ឡាវ វ៉ាន់ សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនទឹកពិសាវីតាល់។

លោកឧកញ៉ា ឡាវ វ៉ាន់ បានឲ្យដឹងថា វីតាល់បានបង្កើតកម្មវិធី «សៀវភៅចាស់ៗរបស់អ្នកគឺជាសៀវភៅថ្មីរបស់ខ្ញុំ» នេះឡើង ក្នុងគោលបំណងធំៗ ៤ចំណុចគឺ១.ពង្រឹងវប្បធម៌ ចែករំលែក ២.បង្កើនទំលាប់ នៃការអានដល់ប្អូនៗកុមារកម្ពុជា ៣.លើកទឹកចិត្ត ចំពោះការប្រើប្រាស់ឡើងវិញ ៣.បំពេញបន្ថែមនូវបណ្ណាល័យ ដែលខ្សត់សៀវភៅ អាននៅតាមជនបទដាច់ស្រយាល។

វីតាល់ ពិតជាមាន មោទនភាព ដែលសកម្មភាពសប្បុរសធម៌ របស់យើងលើកនេះទទួលបានការគាំទ្រ និងសហការពីស្ថាប័នរដ្ឋ និងឯកជននានាជាច្រើន ដែលបានសម្រួលដល់ ការបរិច្ចាគសៀវភៅរបស់សាធារណជន។ លោកឧកញ៉ាបន្តថា កម្មវិធី ធុងវីតាល់ទទួលសៀវភៅបរិច្ចាគ នឹងមានរយៈពេល៣ខែកន្លះ គិតចាប់ផ្តើមពីដើមខែមិថុនា ដល់ចុង ខែកញ្ញា ដោយ រំពឹងថា នឹងទទួលបានសៀវភៅ បរិច្ចាគប្រមាណ ១០០០ក្បាល  ហើយសៀវភៅ វីតាល់ ដែល ទទួលបានពីការបរិច្ចាគ នឹងបញ្ជូនទៅដល់ដៃប្អូនៗកុមារនៅទីជនបទ ដែលពួកគេកំពុងប្រឈម មុខនឹងកង្វះ សៀវភៅ អានដើម្បីបង្កើនចំណេះដឹង។

លោកសាស្ត្រាចារ្យ ហោ ប៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ក្រុមហ៊ុនវីតាល់ ដែលបានបង្កើតកម្មវិធីដ៏មានអត្ថន័យជានេះ សម្រាប់ប្រទេសកម្ពុជា។ លោក សាស្ត្រចារ្យក៏បានបន្តថា លោកពិតជាកោតសរសើរដល់ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនឯកជនគំរូមួយ ដែលបានយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គម ដោយឡែកដូចជា កម្មវិធីធុងវីតាល់ ប្រមូលសៀវភៅ អានចាស់ៗ ក្នុងថ្ងៃនេះគឺពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់ពីភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ការចូលរួមអភិវឌ្ឍន៍ ដល់សង្គមជាតិទាំងមូល។

សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏មានមោទនភាពផងដែរ ក្នុងការដើរតួរជាអ្នកសហការយ៉ាងស្អិតរមួតក្នុងកម្មវិធីមួយនេះ។ លោកសាកលវិទ្យាធិការ ក៏បានអំពាវនាវ ដល់ប្អូនៗនិសិ្សត ឲ្យចូលរួមប្រមូលសៀវភៅអានចាស់ៗ របស់ខ្លួនមកបរិច្ចាគឲ្យបានច្រើនកុះករ ដើម្បីគាំទ្រ ដល់កម្មវិធីមួយនេះ ក៏ដូចជាគាំទ្រវិស័យអប់រំ ក្នុងប្រទេសកម្ពុជាយើងផងដែរ។

គួរបេញ្ជាក់ផងដែរថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធី សប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់នឹងបន្តកម្មវិធីធុងវីតាល់ ប្រមូលសៀវភៅអានសប្បុរសធម៌មួយនេះ ឲ្យកាន់តែធំបន្ថែមទៀត នៅឆ្នាំក្រោយ បើសិនជាកម្មវិធីលើកនេះទទួលបានការគាំទ្រខ្លាំងពីសាធារណជន៕