(សៀមរាប)​៖ ក្នុងឱកាសប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រតិភូមកពីស្ថាប័នជាតិ ស្ថានទូត ស្ថាប័នផ្សេងៗ ដែលកំពុងមានសកម្មភាពជួសជុល ថែរក្សា និងអភិរក្សនៅរមណីយដ្ឋានអង្គរ បានចូលសម្តែងការគោរពដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។

​ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃ នៃមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

​ការចូលរួមគោរពវិញ្ញាណក្ខន្ធដល់សម្តេច​ សុខ អាន របស់ប្រតិភូនៃអង្គប្រជុំនាពេលនេះ គឺជាការសម្តែងនូវការគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងស្រណោះអាលោះអាល័យជាទីបំផុ​ត ចំពោះសម្តេចវិបុលបញ្ញា សុខ អាន ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា​ញាណដើម្បីបុព្វហេតុ នៃការងារអភិរក្សថែរក្សារមណីយដ្ឋានអង្គរ ជាពិសេស គឺការដឹកនាំអង្គប្រជុំនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ឲ្យដំណើរការយ៉ាងជោគជ័យ គ្រប់ពេលទាំងអស់។

​សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពកាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៨៖៣២នាទី ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕