Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់

21-06-2017 12:50

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាក្នុងការជួយទប់ស្កាត់បទល្មើសចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ ក្នុងប្រទេសកម្ពុជា។

ការអំពាវនាវបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ដែលបានរៀបចំធ្វើឡើង នៅក្នុងទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់ ឱ្យលើកឡើងអំពីបញ្ហាខ្វះខាតឧបករណ៍បច្ចេកទេសនានា នៅពេលចុះអនុវត្តច្បាប់ ដើម្បីឱ្យលោកអាចរកដំណោះស្រាយ ហើយស្នើដល់វិស័យឯកជន ដើម្បីចូលរួមបំពេញកង្វះខាតទាំងនេះ។

របាយការណ៍របស់ក្រសួងសាធារណការ បានឱ្យដឹងថា នៅខែឧសភា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២៧២លើក នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស១២៩នាក់ស្លាប់ និង៤៣៥នាក់រងរបួស។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ កត្តាល្បឿនហួសកំណត់ មិនគោរពសិទ្ធិ វ៉ាជែង មិនប្រកាន់ស្តាំ និងស្រវឹងជាដើម។

ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នៅខែឧសភានោះ បានថយចុះប្រមាណ២៧ភាគរយ ស្មើនឹង ១០២ករណី បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីខែមេសា៕