(ភ្នំពេញ)៖ ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពត, សម្តេចតេជោបានប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកបំផុតសម្រាប់ប្រជាជនកម្ពុជា។ (សូមស្តាប់ប្រសាសន៍)

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលសម្តេចបានអញ្ជើញទៅកាន់ទីតាំងស្លាកស្នាម អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅវាយរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត កាលពី៤០ឆ្នាំមុន ហើយការប្រកាសកម្ចាត់ជនបំផ្លាញសន្តិភាពនេះក៏បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ នាពេលថ្មីៗនេះ​ បានបង្ហោះខ្លឹមសារមួយនៅលើ Facebook ជាសំណួរបញ្ជាក់សួរពីសម្តេចថា «តើយល់ព្រមបោះបង់គម្រោងដែលចង់ កម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដើម្បីរក្សាអំណាច»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅមុខអ្នកសារព័ត៌មាន និងឈរជុំវិញពោរពេញដោយមន្រ្តីជាន់ខ្ពស់កំពូលៗ និងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណា ក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ (សម រង្ស៊ី) ផងដែរ ប្រសិនមាន បំណងចង់បំផ្លាញសន្តិភាព ដែលខំកសាងដោយលំបាកជាទីបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយសម្តេចបានបញ្ជាក់ កងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនកងទ័ពសម្រាប់លម្អទីក្រុងនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ផ្ដាំទៅអ្នកវិភាគដែលចូលចិត្តថា ហ៊ុន សែន និយាយពីសង្គ្រាម ប្រហែលជាក្នុងកងទ័ពមានការបែកបាក់ តែខ្ញុំនៅតែបញ្ជាក់ថា អណ្ដាតរបស់ពួកអ្នកជាមូលហេតុនៃសង្គ្រាមហើយ បើសិនជាអស់លោកនៅតែនិយាយអំពីការប្រមាថ ការគំរាមសម្លាប់អស់លោកត្រូវត្រៀមក្ដាមឈូសទុកឲ្យហើយ ខ្ញុំសូមព្រមានកម្ពុជាមិនឲ្យរមូតផុតពីដៃនូវសន្ដិភាពនោះទេ ដោយតម្លៃណាក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្ដាប់ឲ្យជាប់។ មានអ្នកឲ្យខ្ញុំបញ្ជាក់ថា តើគេស្ថិតក្នុងចំណោមមនស្ស១០០ ឬ២០០នាក់ ដែលត្រូវកម្ចាត់ទេ ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់១០០ ឬ២០០នាក់ ក៏ត្រូវតែកម្ចាត់ដែរ អញ្ជឹងសូមអ្នកស្ដាប់ឲ្យច្បាស់បើអ្នកមិនចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែនគេគោលដៅនៃការកម្ចាត់ទេ។ អ្នកណាក៏ដោយឲ្យតែមានគោលដៅបំផ្លាញសន្ដិភាពនេះ អ្នកនឹងទទួលផលនូវអ្វីដែលអ្នកចង់ អ្នកដកខ្លូនចេញទៅ»

ឆ្លើយតបនឹងការលើកឡើង ដែលមានគេចង់កម្ចាត់ត្រកូល ហ៊ុន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបវិញថា មិនមែនជារឿងចេះតែធ្វើបាននោះទេ។ សម្តេចក៏បានបង្ហាញមុខកូនប្រុសទាំង៣រូបរបស់សម្តេច ហើយបានប្រកាសថា ត្រកូល ហ៊ុន ជាអ្នកចូលរួមរំដោះប្រទេស និងកសាងប្រទេសជាតិ។