(បាត់ដំបង)៖ ព្រះសង្ឃ២អង្គ បានឈ្លោះគ្នាគ្រាន់តែរឿងចាក់សម្លេងធម៌ខ្លាំងៗ រំខានដល់ការសឹង រហូតឈានដល់បង្កជម្លោះប្រើកាំបិតចាក់គ្នា បណ្តាលឲ្យព្រះសង្ឃ១អង្គ រងរបួសធ្ងន់ ឯមួយអង្គទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចក្រុមទី​០១ ​ក្នុងបរិវេណវត្តរូងជ្រៃ​ ភូមិរូងជ្រៃ​ ឃុំរូងជ្រៃ​ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ករណីអំពើហិង្សានេះ បានបង្កឡើងដោយព្រះសង្ឃ១អង្គ ព្រះនាម ធី បូរី ព្រះជន្ម២៥ព្រះវស្សា មានទីលំនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង បួសរៀននៅវត្ត កើតហេតុជាមួយគ្នា។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ស្រែ ស្រស់ ហៅឆក ព្រះជន្ម៣៧ព្រះវស្សា​ មានទីលំនៅភូមិតាក្រី​ ឃុំតាក្រី​ ស្រុកកំរៀង​ ខេត្តបាត់ដំបូង។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ព្រះសង្ឃរងរបួសបានចាក់សម្លេងស្តាប់ធម៌ឮសូរខ្លាំងៗ រំខានដល់ព្រះសង្ឃបង្កហើយ ពេលនោះព្រះសង្ឃបង្កបាន មកប្រាប់កុំឲ្យចាក់ខ្លាំងពេក នាំរំខានការសឹងរបស់ព្រះអង្គ។ ពេលនោះព្រះសង្ឃរងគ្រោះ បានខឹងស្ទុះទៅធាក់ព្រះសង្ឃបង្ក (ជនសង្ស័យ)​​ បណ្តាលឲ្យ ដួលកើតជាជម្លោះ។ ភ្លាមៗនោះគណៈកម្មការវត្ត និងសាច់ញាតិបានមកជួយសម្រួលគ្នា នៅពេលថ្ងៃរួចម្តងហើយ លុះម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដោយសារគំនុំចង់សងសឹក ព្រះសង្ឃបង្កបានយកកាំបិតចិតបន្លែ មកចាក់ជាច្រើនកាំបិតចំ ក បណ្តាលឲ្យរបួសធ្ងន់រួចគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុហើយព្រះសង្ឃ និងគណៈកម្មការក្នុងវត្ត បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ រហូតឈានដល់ធ្វើការចាប់ខ្លួនប្រគល់ឲ្យមន្រ្តីធម្មការស្រុក ចាប់ផ្សឹករួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងសួរនាំ។

បន្ទាប់ពីចម្លើយសារភាពរបស់ជនសង្ស័យ ពិតជាបានបង្កករណីហិង្សាពិតប្រាកដមែន ហើយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ ចំណែកសង្ឃរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកថ្មគោល នៅឡើយ មកទល់ពេលនេះមិនដឹងខ្លួននៅឡើយទេ៕