(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានជម្រាបប្រាប់ប្រជាពលរដ្ឋថា គោលបំណងធំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺចង់ឲ្យប្រទេសមានសន្តិភាព មានស្ថិរភាព ប្រជាពលរដ្ឋមានជីវភាពធូរធាពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានិស្សិតមានសាលាសម្រាប់ សិក្សារៀនសូត្រ ប្រជាបរិស័ទមានវត្តអារាមសម្រាប់ប្រតិបត្តិធម៌ មានផ្លូវធ្វើដំណើរខ្វាត់ខ្វែង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ១ខ្នង (៥បន្ទប់) នៅសាលាបឋមសិក្សាទួលព្រះឃ្លាំង ស្ថិតនៅភូមិថ្មី ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

លោកបានអរគុណចំពោះប្រជាពលរដ្ឋនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានជឿទុកចិត្ត និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តជួយកសាងសមិទ្ធផលបន្តទៀត។ ជាក់ស្តែងនៅថ្ងៃនេះ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស លោក ហ៊ុន ម៉ាណែត បានបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា នៅសាលាបឋមសិក្សាទួលព្រះឃ្លាំង ទុកជូនកូនចៅប្រជាពលរដ្ឋសិក្សា។

លោកបានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានខិតខំដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ទូទាំងប្រទេស។ ជាក់ស្តែងនៅក្នុងស្រុកស្ទឹងត្រង់ ទទួលបានសមិទ្ធផលជាច្រើន រួមមាន៖ សាលារៀន វត្តអារាម ស្ពានឆ្លងទន្លពីស្រុកស្ទឹងត្រង់ទៅស្រុកក្រូចឆ្មារ និងសមិទ្ធផលជាច្រើនទៀត ទាំងនេះគឺដោយសារគណបក្សប្រជាជនកម្ពុជា កសាងដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបានខិតខំស្វែងរក និងថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងបានជួយកសាងដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ មិនឱ្យដូចអតីតកាល​ ដែលប្រទេសមានសង្រ្គាមប្រជាពលរដ្ឋមិនមានឱកាសរៀនសូត្រ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូមានជីវភាពរស់នៅធូធារ កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ មានឱកាសការងារ ប៉ុន្តែអ្វីដែលយើងកំពុងបាននិងកំពុងធ្វើនេះ មិនទាន់គ្រប់គ្រាន់ទេ គឺដោយសារកំណើនប្រជាពលរដ្ឋ និងតម្រូវការផ្សេងៗទៀតច្រើនជាងមុន ប៉ុន្តែយើងនៅតែបន្តធ្វើ និងជួយបម្រើប្រជាពលរដ្ឋបន្តទៀត។

លោកបានអរគុណលោកគ្រូ អ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្ស និងបានលើកទឹកចិត្ត ផ្តល់ដំបូន្មានល្អៗ ហើយលោកបានស្នើឱ្យក្មួយសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យបានលទ្ធផលល្អ និងដើម្បីកសាងអនាគតដ៏ប្រសើរនៅពេលខាងមុខ។

នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានប្រកាសផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖

* កុំព្យូទ័រ២គ្រឿង (យួរដៃ១គ្រឿង និងលើតុគ្រឿង) ព្រីនធ័រ១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង ក្តារឃៀនសរសេរហ្វឺត ១៤ផ្ទាំង និងប៊ិចហ្វឺត ជូនដល់សាលាបឋមសិក្សាទួលព្រះឃ្លាំង
* កុំព្យូទ័រ២គ្រឿង (យួរដៃ១គ្រឿង និងលើតុគ្រឿង) ព្រីនធ័រ១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និង LCD ១គ្រឿង ជូនដល់អនុវិទ្យាល័យទួលព្រះឃ្លាំង
* ប្រគេនស៊ីម៉ង់ត៍៥តោន និងឥដ្ឋ ១០,០០០ដុំ ដល់វត្តសុវណ្ណរតនសោភ័ណមុន្នី ឃុំខ្ពបតាងួន សម្រាប់កសាងសាលាបុណ្យ
* ប្រគេនស៊ីម៉ង់ត៍៥តោន ដល់វត្តពោធិ៍មង្គល ឃុំទួលព្រះឃ្លាំង សម្រាប់កសាងសាលាឆាន់៕