(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះ​ បន្ទប់ជួលក្នុងអគារខុនដូរជាន់ទី៤ ស្ថិតនៅខាងក្រោយខារ៉ាអូខេគិរីរម្យ ​សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដើម្បីជួយបាញ់ពន្លត់។

ប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ សង្ស័យបង្កឡើងដោយប្ដីប្រពន្ធ២នាក់ (ប្តីជាជនជាតិចិន) ដែលរស់នៅអគារខុនដូរនោះ ឈ្លោះគ្នាហើយបានចាក់សាំងដុតគ្នា។ ក្នុងគ្រោះអគ្គិភ័យនេះដែរ បង្កឲ្យជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនោះ រងរបួសរលាកភ្លើងពេញខ្លួន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ភា្នក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុ បញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង។ សម្រាប់ទំហំខូចខាតវិញ មិនទាន់ត្រូវបានសមត្ថកិច្ចប្រាប់លម្អិតនៅឡើយទេ ដោយរង់ចាំការសួរនាំសិន៕