(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងវគ្គ NBC – FSI Connect លើកទី១៤ មានសិក្ខាកាមចំនួន៦៩រូបចូលរួមប្រឡង ដោយមានការត្រួតពិនិត្យផ្ទាល់ពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

វគ្គ​ Financial​ Stability​ Institute​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC-FSI​ Connect)​ ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​ Online​ ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ ការ​ផ្តួចផ្តើម​របស់​លោក ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​កសាង​ សមត្ថភាព​ធនធានមនុស្ស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ បន្ថែម​លើ​កម្មវិធី​បណ្តុះបណ្តាល​ផ្ទៃក្នុង​ដែល​មាន​ស្រាប់​ ជា​ពិសេស​ ដើម្បី​ឯកទេស​កម្ម​ខាង​ត្រួតពិនិត្យ​ធនាគារ​ និង​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​ នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​ និង​និយាម​អន្តរជាតិ​អំពី​ការ​ត្រួតពិនិត្យ​។

វគ្គ​ NBC-FSI​ Connect​ នេះ​ តម្រូវ​ឱ្យ​សិក្ខាកាម​សិក្សា​តាម​ប្រព័ន្ធ​ Online​ និង​ត្រូវ​បាន​បែងចែក​ជា​បី​កម្រិត​គឺ​ កម្រិត​បឋម​ កម្រិត​មធ្យម​ និង​កម្រិត​ខ្ពស់​ សម្រាប់​រយៈពេល​សិក្សា​ប្រមាណ​ជាង​៣​ឆ្នាំ​ ហើយនៅ​ខែមិថុនា​ ឆ្នាំ​២០១៦​ នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទិញ​សិទ្ធិ​សិក្សា​ជូន​មន្ត្រី​បុគ្គលិក​សរុបប្រមាណ​ ២៣៧ ​រូបដាក់​ឱ្យ​ដំណើរការ​សិក្សា​ និង​បាន​រៀបចំ​ឲ្យ​ប្រឡង​ជា​ផ្លូវការ​ជា​បន្តបន្ទាប់​ ។​

​ដើម្បី​ធានា​គុណភាព​សិក្សា​ ​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​តម្រូវ​ឱ្យ​ប្រឡង​ជា​ផ្លូវការ​ចំពោះ​មុខ​ គណៈកម្មការ​គ្រប់គ្រង​វគ្គ​ ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​របស់លោក ទេសាភិបាល​ រាល់ពេល​បញ្ចប់​មុខ​វិជ្ជា​នីមួយៗ​ រហូត​ដល់​ពេល​បញ្ចប់​កម្រិត​ទាំង​បី​ ។​

​សូមបញ្ជាក់​ថា​ វគ្គ​នេះ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (Bank​ for​ International​ Settlement​ -​ BIS)​ ដែល​មាន​ ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ស្វ៊ី​ស​ បច្ចុប្បន្ន​នេះ​ ធនាគារកណ្តាល​ និង​ស្ថាប័នហិរញ្ញវត្ថុ​ សាធារណៈ​ជាង​ ៣០០​ នៅ​លើ​ពិភពលោក​ បាន​ទិញ​សិទ្ធិ​សិក្សា​ជូន​មន្ត្រី​ខ្លួន​ដើម្បី​លើកកម្ពស់​ គុណវុឌ្ឍិ​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ ហើយ​មាន​សិក្ខាកាម​សរុប​ចំនួន​ ជាង​ ១០.០០០​នាក់​ កំពុង​សិក្សា៕