(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ានបាន។ លោកអះអាងថា យុវជនកម្ពុជា ក៏អាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។

ការអះអាងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។

លោក ប្រាក់ សុខុន បានបន្តថា «ក្នុងពេលដ៏ខ្លីខាងមុខ យុវជនកម្ពុជាក៏អាចក្លាយទៅជា អ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ វត្តមានរបស់យុវជនយើង កាត់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសកម្មមួយ របស់អាស៊ាន និងរួមចំណែកក្នុងការកសាង សហគមន៍អាស៊ាន ក៏ដូចជាការជួយអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា»

លោកប្រាក់ សុខនបានបញ្ជាក់ថា កម្ពុជាបានរួមចំណែកដ៏សំខាន់ ក្នុងកិច្ចការការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កម្ពុជាក៏បានទាញយកអត្ថប្រយោជន៍ជាច្រើនពី សមាហរណកម្មតំបន់ និងពិភពលោក មកអភិវឌ្ឍកម្ពុជា។ ថ្នាក់ដឹកនាំ បានត្រួសត្រាយផ្លូវ និងបានរៀបចំមូលដ្ឋាន អភិវឌ្ឍប្រទេសជាតិ យ៉ាងរឹងមាំរួចហើយ។

រដ្ឋមន្រ្តីក្រសួងការបរទស បានបញ្ជក់យ៉ាងដូច្នេះថា និស្សិតជាយុវជន ជាថ្នាក់ដឹកនាំជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងរៀបចំខ្លួន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តវេន និងរក្សាសមិទ្ធិផល ដែលសម្រេចបាន។ យុវជនត្រូវចងចាំថា ការអភិវឌ្ឍអាចដំណើរការទៅបាន ដរាបណាមានសន្តិភាព យុវជនមានភារកិច្ច ការពារសន្តិភាពនេះ ឲ្យបានដាច់ខាត។ ការបើកទូលាយទីផ្សារ អាស៊ាននេះនឹងផ្តល់ជា ឱកាសការងារច្រើនដល់ក្មួយៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ ដូច្នេះត្រូវខិតខំរៀនសូត្រឲ្យពូកែ និងចាប់យកជំនាញ ចាំបាច់ដែលទីផ្សារត្រូវការ ។

សូមបញ្ជាក់ថា បើតាមស្ថិតិឆ្នាំ២០១៥ អាស៊ានមានប្រជាជនចំនួន ៦២៨,៩០លាននាក់ ដែលក្នុងនោះ យុវជនមានអាយុចន្លោះពី ១៥ទៅ២៩ឆ្នាំ មានចំនួន ១៦១,១១លាននាក់ ស្មើនឹង ២៥,៦១ភាគរយ ហើយដែលក្នុងនេះដែរ យុវជនកម្ពុជាមានចំនួន ៤,៨១លាននាក់។ នេះជាតួលេខដ៏ធំមួយដែលបញ្ជាក់ថា អាស៊ានជាតំបន់មានយុវជនច្រើន ជាធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម៕