(ភ្នំពេញ)៖ ក្រុមចោរដែលតែងតែធ្វើសកម្មភាពកាប់ប្លន់ ឆក់ជនបរទេសយ៉ាងសកម្ម និងកាន់កាប់អាវុធខុសច្បាប់ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ តាមបង្ក្រាបបាន រយៈពេល២ថ្ងៃជាប់គ្នា ពោលគឺថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

លោក ហ៊ួត ចាន់យ៉ារ៉ាន អធិការខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមចោរដែលធ្វើសកម្មភាពយ៉ាងសកម្មនេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ។

បើតាមលោកអធិការប្រតិបត្តិការបង្ក្រាបនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ​ក្នុងចំណោមបក្ខពួក០៤នាក់ បាន​យកកាំបិតកាប់ប្លន់យកទូរសព្ទ័ដៃ នៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែង ផ្លូវលេខ១៣០ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ដោយជនសង្ស័យឈ្មោះ សួន វិត ​អាយុ២២ឆ្នាំ។ ក្នុងនោះដកហូតបាន ​ទូរសព្ទ័ដៃចំនួន០២គ្រឿង ហើយបានប្រគល់ឲ្យជនរងគ្រោះវិញ ជាជនបរទេសឈ្មោះ ​PETER​ PESSL​ អាយុ៦០ឆ្នាំ ជនជាតិ​អូទ្រីស។

ដោយឡែកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ ចាប់បានជនសង្ស័យចំនួនម្នាក់​ បានធ្វើសកម្មភាព​ជិះម៉ូតូឆក់ Labtop នៅចំណុចផ្លូវលេខ២២២ កែងផ្លូវលេខ៥១ ភូមិទី៣ សង្កាត់បឹងរាំង ជនសង្ស័យឈ្មោះ ជា អ៊ាង អាយុ២៧ឆ្នាំ ក្នុងនោះវត្ថុតាងចាប់យកបានមាន Labtop មួយគ្រឿង ម៉ាក APPLE MACITOSH ហើយបានប្រគល់ឲ្យជនរងគ្រោះជាជនជាតិអូស្ដ្រាលី ឈ្មោះ GRIFFITH DEBBIE។

នៅថ្ងៃដដែលនោះ ​កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើ​ការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ​ប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញាតិ នៅចំណុចលើចេតិយ្យ ​ក្នុងវត្តកោះ ផ្លូវលេខ៦៣ ភូមិ៦ សង្កាត់​បឹងរាំង ដោយជនសង្ស័យទី១៖ ឈ្មោះ វ៉ាន់ ចាន់ អាយុ៣៥ឆ្នាំ ​និងម្នាក់ទៀតឈ្មោះ វ៉ាន់ នី ​អាយុ២៥ឆ្នាំ​ ដោយដកហូតបាន ថ្នាំញៀន​១កញ្ចប់, កាំបិត​២, ពូថៅ​​២, ដែកឆាប​១​ និងវត្ថុតាងមួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យទាំងអស់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕