(សៀមរាប)៖ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញលិខិតជូនដំណឹង ឲ្យធ្វើការរុះរើសំណង់ខុសច្បាប់ដែលបានសាងសង់ ក្នុងកំឡុងពេលថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប បានសម្រេចធ្វើការរុះរើសំណង់ខុសច្បាប់របស់ខ្លួន ដោយស្ម័គ្រចិត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

ការរុះរើដោយស្ម័គ្រចិត្តនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះដែលមាន សមាសភាពមកពី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរភូមិឃុំ បានចុះមករំលឹកអំពីការរុះរើសំណង់ ខុសច្បាប់ទាំងនោះ និងពន្យល់ប្រជាពលរដ្ឋ ពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរ ដល់បេតិកភណ្ឌ។

ជម្រាបជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះ លោក ហុក ប៉េងសែ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សំណង់ដែលត្រូវរុះរើពេលនេះ សុទ្ធតែជាសំណង់ដែលពុំមានច្បាប់អនុញ្ញាត ហើយប៉ះពាល់អវិជ្ជមានខ្លាំងដល់បេតិកភណ្ឌផ្ទាល់តែម្តង ជាពិសេសសំណង់ទាំងនេះ ស្ថិតនៅចំងាយប្រម៉ាណតែ៥០ម៉ែត្រ ពីកំពែងប្រាសាទប៉ុណ្ណោះ ហើយកន្លងមកអាជ្ញាធរជាតិអប្សរា បានធ្វើសេចក្តីជូនដំណឹងស្តីពីការរុះរើនេះ រួចហើយដល់ម្ចាស់សំណង់ទាំងអស់ ដូច្នេះសូមឲ្យ​ប្រជាពលរដ្ឋ សហការជាមួយកម្លាំងចម្រុះដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក។

លោក កែវ វុទ្ធី និងលោកស្រី អ៊ីង សារ៉ាយ ជាម្ចាស់សំណង់ផ្ទះថ្ម ស្ថិតនៅចំងាយត្រឹមតែប្រមាណ៥០ម៉ែត្រ ពីកំពែងប្រាសាទបន្ទាយក្តី ដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯង បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ហើយយល់ព្រមរុះរើដោយគ្មានលក្ខខណ្ឌ ព្រោះថានេះជាកំហុសឆ្គងរបស់គាត់ ដែលពុំបានសុំការអនុញ្ញាតច្បាប់ សាងសង់ជាមុនពីអាជ្ញាធរអប្សរា។  

ម្ចាស់សំណង់ក៏បញ្ជាក់ថា ពិតជាបានបង្ក​ហានិភ័យដល់ប្រាសាទពិតប្រាកដមែន ហើយបានស្នើសុំឲ្យក្រុមការងារ ដឹកយកសម្ភារៈ សំណង់ របស់ពួកគា​ត់ យកទៅរក្សាទុកនៅផ្ទះរបស់ម្តាយក្មេក ដែលមានទីតាំងនៅភូមិតាត្រៃ ​ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

លោក មាស សាង និងលោកស្រី នន់ ប៊ុននី ជាម្ចាស់សំណង់ខុសច្បាប់មួយកន្លែងទៀត ដែលបានរុះរើដោយស្ម័គ្រចិត្តដែរនោះ បានបញ្ជាក់ពីការទទួលស្គាល់កំហុសរបស់ខ្លួន ដោយបានធ្វើការរុះរើ និងយកចេញនូវសម្ភារៈរើរុះទាំងនោះពីទីតាំងសំណង់។ លោកស្រី នន់ ប៊ុននី បានបញ្ជាក់បន្ថែមថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរុះរើនេះ ហើយគាត់បានចាប់ផ្តើម​ការរុះរើនេះ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ។ ដោយឡែកម្ចាស់តូបប្រក់ស័ង្កសីឈ្មោះ ធឿន ចន្ទ្រាដែលស្ថិតនៅក្បែគ្នាដែរនោះ ក៏ព្រមរុះរើចេញទៅវិញដែរ។

ថ្លែងក្នុងកំឡុងពេលប្រតិបត្តិការរុះរើ លោក សរ សម្បត្តិ អភិបាលរងក្រុងសៀមរាប បានលើកឡើង ​សកម្មភាពរបស់បងប្អូនដែលរុះរើ ដោយស្ម័គ្រចិត្តនាពេលនេះ ស្តែងឲ្យឃើញការភ្ញាក់រលឹក ដោយចូលរួមសហការជាមួយអាជ្ញាធរអប្សរា ក្នុងការលើកតម្លៃបេតិកភណ្ឌ ដែលជាមរតកដូនតា និងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីសង្កេតឃើញថាសំណង់ និងដីចាក់បំពេញខុសច្បាប់ចំនួន៥២១ករណី បានសាងសង់ និងចាក់ដីបំពេញក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងចន្លោះថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងមក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង ដល់គ្រប់ម្ចាស់សំណង់ទាំងអស់ ឲ្យរុះរើនូវសំណង់ ដីចាក់បំពេញនោះចេញវិញ ក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រតិបត្តិការនេះ នឹងបន្តទៅទីតាំងផ្សេងៗទៀត។ ក្នុងករណីពុំរុះរើចេញដោយខ្លួនឯងនោះទេ កម្លាំងចម្រុះនឹងធ្វើការរុះរើ ដោយពុំទទួលស្គាល់នូវការខូចខាតនោះទេ៕