(កំពត)៖ ជនរងគ្រោះចំនួន២៧នាក់ ក្នុងនោះស្រី៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដក្រុង ធ្លាក់ចេញពីផ្លូវខណៈដែលពួកគេ កំពុងធ្វើដំណើរចុះពីលើ ភ្នំបូកគោ នៅខេត្តកំពត នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលបានចុះទៅជួយអន្ដរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះ គឺជាបុគ្គលិករបស់ក្រុមហ៊ុនឯកជន ផ្នែកកសិកម្មមួយនៅភ្នំពេញ ហើយពួកគេបានជួលរថយន្ដ​ក្រុងទៅកម្សាន្ដនៅលើភ្នំបូកគោ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍មួយនេះ នៅចំណុចគីឡូទី១០ ខណៈដែលពួកគេកំពុងធ្វើដំណើរចុះពីលើភ្នំមកហើយនោះ។

បើតាមលោកស្នងការ ជនរងគ្រោះទាំងអស់រួមទាំងតៃកុងឡានសរុប២៧នាក់ រងរបួសធ្ងន់៦នាក់ ត្រូវបានសមត្ថកិច្ចរបស់លោក ជួយដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យ។ សម្រាប់មូលហេតុវិញ លោកស្នងការបញ្ជាក់ថា បណ្ដាលមកពីដាច់ហ្រ្វាំង។​

លោកឧត្តមសេនីយ៍បានបន្ដថា នេះចាត់ទុកជាសំណាងមួយផងដែរ ដែលរថយន្ដក្រុងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅគីឡូទី១០ ហើយពេលក្រឡាប់ទៅទើនឹងដើមឈើ ប្រសិនបើក្រឡាប់នៅខាងក្រោមនេះបន្ដិច ឬនៅខាងលើ ច្បាស់ជាធ្លាក់ទៅដល់ក្រោមជាក់ជាមិនខានឡើយ។

លោកថា តាមគម្រោងជនរងគ្រោះទាំងនេះ ក្រោយពីចុះពីលើភ្នំបូកគោរួច ពូកគេនឹងបន្ដដំណើរកម្សាន្ដទៅកាន់ខេត្តព្រះសីហនុបន្ដទៀត តែអកុសលក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដងទៅ៕