(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែង សហកាជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្ដីពី «សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់សុខភាព» នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដោយមានការចូលរួមពីលោក ញឹក សុផុន អភិបាលរងខេត្តព្រៃវែង លោក ឌឹម ថេង អគ្គនាយករងទទួលបន្ទុកលោក អ៊ុត សុភាព ប្រធានសាខា ព្រមទាំងមន្រ្តីសាខា និងសិក្ខាកាម រួមមាននិស្សិត អាជីវករនានាក្នុងខេត្ត និងមន្រ្តីមន្ទីរផ្សេងៗជុំវិញខេត្ត សរុបប្រមាណជាង២១០នាក់ ដើម្បីបានយល់ ដឹងពីសុវត្ថិភាពចំណីអាហារ និងអាចចែករំលែក ចំណេះដឹងរបស់ពួកគេ ទៅកាន់ប្រជាពលរដ្ឋដទៃផ្សេងៗ។

នៅក្នុងឱកាសនោះ លោក អ៊ុត សុភាព ប្រធានសាខា និងលោក ឌឹម ថេង អគ្គនាយករងទទួលបន្ទុក ក៏បានធ្វើបទបង្ហាញដែលពាក់ពន្ធ័ ការយល់ដឹងសុវត្ថិភាពម្ហូបអាហារដើម្បីឲ្យ ពួកគាត់ មានការយល់ដឹងឲ្យកាន់តែច្បាស់ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ។  នៅក្នុងការធ្វើបទបង្ហាញនោះ ក៏មាននិស្សិត និងអាជីវករលើកជាសំណួរទាក់ទងទៅនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ គឺផ្តោតសំខាន់ផ្ដល់ការយល់ដឹងពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ, ការដាក់ស្លាកសញ្ញា ការកំណត់ថ្ងៃខែ «ផលិត និងថ្ងៃខែផុតកំណត់ការប្រើប្រាស់ និងផលប៉ះពាល់នៃការបន្ថែម សារធាតុគីមី ហាមឃាត់ ដូចជា Formalin, Borax, Sodium Hydrosulfite, និងសារធាតុគីមីផ្សេងៗទៀត និងការចម្លងមេរោគ បាក់តេរីទៅក្នុងម្ហូបអាហារ»។

លោកប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារពិសេស តាមមាត់ច្រក ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។ ក្រៅតែពីការត្រួត ពិនិត្យទំនិញហើយនោះ កាំកុងត្រូល ក៏ចុះធ្វើការអប់រំ និងផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ សិស្ស និស្សិត តាមសាលារៀនផងដែរ។

ជាទីបញ្ចប់ លោក អ៊ុត សុភាព បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ សូមផ្សព្វផ្សាយបន្ត នូវចំណេះដឹងទទួល បានទៅកាន់ប្រជាពលរដ្ឋ បងប្អូនមិត្តភក្តីដទៃទៀត ឲ្យបានយល់ដឹងពីបញ្ហាសុវត្ថិភាពអាហារផងដែរ លោក អ៊ុត សុភាព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកញឹក សុផុន អភិបាលរងខេត្ត ដែលបានចូលរួម ក្នុង កម្មវិធីសិក្ខាសាលាដ៏មានសារសំខាន់នេះ៕