(សៀមរាប)៖ ប្រជាជនភូមិធម្មជាតិរុនតាឯក ទទួលបានត្រាក់ទ័រ១គ្រឿង ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េ នៃមហាវិទ្យាល័យ Dong Pusan និងក្រុមហ៊ុន Dream Airline Tour ដើម្បីសម្រួលដល់វិស័យកសិកម្មរបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក CHOI HWANEON នាយកបានថ្លែងថា ដោយមើលឃើញពីការលំបាករបស់​ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិធម្មជាតិរុនតាឯក ដែលខ្លះខាតឧបករណ៍សម្រាប់ធ្វើកសិកម្ម ក្នុងរដូវវស្សាទើប​ខាងលោកបាន​ជួយឧបត្ថម្ភត្រាក់ទ័រ មួយគ្រឿងជូនប្រជាជនប្រើប្រាស់ទាំងអស់គ្នាទុកជាប្រយោជន៍រួម និងកាត់បន្ថយការលំបាក របស់បងប្អូនបានមួយកម្រិតផងដែរ។

លោក CHOI HWANEON បានបន្តថា ត្រាក់មួយគ្រឿងនេះគ្រាន់តែជាអំណោយបន្តិចបន្តួចប៉ុណ្ណោះ តែខ្ញុំសង្ឃឹថា វាអាចជួយប្រជាជន ក្នុងមូលមួយនេះ ក្នុងការធ្វើកសិកម្ម​នៅរដូវវស្សាដើម្បីធ្វើយ៉ាងណាអាចឲ្យបងប្អូនបង្កបង្កើនផល ឲ្យទាន់រដូវវស្សាចៀសវាងធ្វើឲ្យកក់ស្ទះមុខរបរ របស់ប្រជាកសិករដោយសារតែខ្វះឧបរណ៍ប្រើប្រាស់ភ្ជួររាស់ ហើយនៅពេលក្រោយៗទៀតខាងភាគីមហាវិទ្យាល័យ Dong Pusan និងក្រុមហ៊ុន Dream Airline Tour និងជួយឧបត្ថម្ភឲ្យបានច្រើនជាងនេះបន្ថែមទៀត។

ពិធីប្រគល់ទទួលនេះ បានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ Dong Pusan បន្តពីនោះក្រុមគណៈប្រតិភូ ក៏បានធ្វើបទបង្ហាញមួយចំនួននៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយបន្តដំណើរទៅទស្សនកិច្ចដោយ​ផ្ទាល់នៅភូមិធម្មជាតិរុនតាឯក និងសារមន្ទីរកុលាលភាជន៍ឡតានី។

ថ្លែងក្នុងឱកាសនោះដែរ លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ជួសមុខឲ្យប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូកូរ៉េ ដែលបានផ្តល់នូវត្រាក់ទ័រមួយគ្រឿង ដើម្បីបង្កភាពងាយស្រួលនិងភាពឆាប់រហ័សក្នុងការបង្កបង្កើន ផលដល់ប្រជាជនក្នុងភូមិធម្មជាតិរុនតាឯក។

លោក ម៉ី ម៉ារ៉ាឌី បានបន្តថា ការផ្តល់ជូននេះ គឺយោងតាមអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា ជាមួយ​មហាវិទ្យាល័យ Dong Busan និងក្រុមហ៊ុន Dream Airline Tour ដែលមានបំណងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំតាមរយៈវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍទេសចរណ៍។ តាមរយៈអនុស្សារណៈ​យោគយល់គ្នានេះដែរភាគីកូរ៉េ នឹងបើកសាលាបណ្តុះបណ្តាល ជំនាញជួសជុល និងផលិតកុលាភាជន៍ផងដែរ។ ក្រៅពីនេះក៏នឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញខ្លីៗផ្នែកសំអាង និងការធ្វើម្ហូបដោយភាគីកូរ៉េ បានផ្តល់ទាំងអ្នកជំនាញ ថវិកា និងសម្ភារៈក្នុងការសិក្សាបន្ទាប់មកទៀតនឹងបង្រៀនជួសជុលរថយន្ត ជាងឈើ និងផ្នែកទេសចរណ៍ជាបន្តបន្ទាប់ ទៀតតាមអនុស្សារណៈដែលបានសម្រេចរួចមកហើយ៕