(ភ្នំពេញ)៖ មេសហជីពធំៗនៅកម្ពុជាមានលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងលោក អាត់ ធុន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បានថ្លែងពីការរំពឹងទុកថា ឆ្នាំ២០១៨ ជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដូច្នេះភាគរយនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៨ ខាងមុខ អាចនឹងកើនឡើងច្រើនជាងឆ្នាំមុនៗ។

លោក ជួន មុំថុល បានឲ្យដឹងថា ឆ្នាំ២០១៧ ភាគរយនៃការដំឡើងប្រាក់ឈ្នួលអប្បបរមា មានប្រមាណ១០ភាគរយ ហើយឆ្នាំ២០១៨ ខាងមុខ លោកក៏សង្ឃឹមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងស្ថិតនៅក្នុងរង្វង់១០ភាគរយដដែល តែមានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ ដែលជាអ្នកបន្ថែមប្រាក់ ពីលើប្រាក់ឈ្នួលសម្រាប់ឆ្នាំថ្មី បន្ទាប់ពីក្រុមការងារត្រីភាគីសម្រេចចុងក្រោយ ព្រោះសម្ដេចនឹងជួយលើកទឹកចិត្តដល់កម្មករនិយោជិតបន្ថែមទៀត។

លោក មុំថុល បានបន្តថា រូបមន្តនៃការចរចាប្រាក់ឈ្នួល សម្រាប់ឆ្នាំថ្មី មិនមានអ្វីខុសគ្នាទៅនឹងឆ្នាំមុនៗទេ ហើយអតិផរណា ក៏មិនខុសគ្នាច្រើនប៉ុន្មានដែរ។ ម្យ៉ាងទៀត កំណើនសេដ្ឋកិច្ច និងផលិតភាព ត្រូវបានគេមើលឃើញថា នៅតែមានកំណើនដូចឆ្នាំមុន។

ចំណែកលោក អាត់ ធុន ក៏បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត អាចនឹងកើនឡើងច្រើនជាងឆ្នាំមុនៗ ព្រោះរដូវកាលនេះ ជារដូវការបោះឆ្នោត ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ខាងមុខ ដោយសារទាំងនេះ ជានយោបាយលើកទឹកចិត្តដល់កម្មករផង និងទាក់ទាញសន្លឹកឆ្នោតពីកម្មករផង ដែលជាឱកាសសម្រាប់កម្មករ ក្នុងការទទួលបានជីវភាពកាន់តែសមរម្យ។ ប៉ុន្តែលោកនៅតែលើកឡើងថា ទោះប្រាក់ឈ្នួលឡើងដល់កម្រិតណាក៏ដោយ បើតម្លៃទំនិញ សេវា ម្ហូបអាហារ ទឹក អគ្គិសនី និងរបស់របរប្រើប្រាស់នានា នៅតែឡើងថ្លៃដដែល ក៏កម្មករពិបាកក្នុងការរស់នៅដែរ។

ទោះយ៉ាងណា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែមានគោលជំហរដំឡើងប្រាក់ឈ្នួល ជូនកម្មកររៀងរាល់ឆ្នាំ ពោលប្រាក់ឈ្នួលសម្រាប់ឆ្នាំថ្មី នៅតែកើនឡើង មិនអាចថយចុះជាងឆ្នាំចាស់ឡើយ។

លោករដ្ឋមន្រ្តីបន្ថែមថា រាជរដ្ឋាភិបាលបានបន្តដំទ្បើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បានកើនទ្បើងដល់​ ១៥៣ដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៧នេះ ដោយបូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពទៀតនោះ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ១៨១ដុល្លារអាមេរិកក្នុងមួយខែ។

លោកថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងមួយចំនួន ដូចជា ប្រទេសបង់ក្លាដែស ស្រីលង្ការ មីយ៉ាន់ម៉ា ឥណ្ឌា ឡាវ និងតំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងវៀតណាម។

សូមជម្រាបថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៨ នឹងត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖

*​​ កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
* កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី
* កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី
*​ កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
* កំណត់យក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទចូលជាធរមាន សម្រាប់ការអនុវត្តគោលនយោបាយប្រាក់ឈ្នួលអប្បបរមា។

កាលពីឆ្នាំមុននេះ បន្ទាប់ពីមានការពិភាក្សារបស់ក្រុមការងារត្រីភាគី រួមមាន៖ ភាគីក្រសួងការងារ ភាគីនិយោជក និងភាគីសហជីពនោះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា​ ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែងជើង រហូតដល់ចំនួន ១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧។ ប្រាក់ឈ្នួលអប្បបរមានេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០១៦៕

លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា

លោក អាត់ ធុន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា