(កំពង់ចាម)៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេច​តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋចំនួន០៤ភូមិ នៅ​ឃុំទងត្រឡាច។

លោក ចាស់ ជឿន មេឃុំទងត្រឡាច ​បានបញ្ជាក់អំពីស្ថានភាពទូទៅ ដែលទាក់ទិនទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការងារបង្កបង្កើនផលកសិកម្ម បញ្ហាសន្តិសុខស្បៀង និងការអនុវត្តគោលនយោបាយ ភូមិ​ឃុំមានសុវត្ថិភាព និងការទទួលជ័យជម្នះក្នុងឃុំទងត្រឡាច និងប្រជាពលរដ្ឋចំនួន០៤ភូមិ ​មានភូមិ​បឹងទីង ភូមិចន្លាត់ដៃ ភូមិខ្ទឹង ភូមិទងត្រឡាច បានទទួលអំណោយរបស់ លោក ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បាននិងកំពុងជំរុញឲ្យមន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធ ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួន មានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារកិច្ចទៅឲ្យថ្នាក់ក្រោម ធ្វើការអនុវត្តខុសដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល​។

លោក បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានសមិទ្ធិផលធំៗជា ប្រវត្តិសាស្រ្តគឺបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាកបៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់​។

សូមជម្រាបថា អំណោយរបស់ លោក ហ៊ុន ម៉ាណែត បានផ្តល់ថវិកា៤,៦០០ដុល្លារ សម្រាប់រៀបចំគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ជូនប្រជាពលរដ្ឋចំនួន០៤ភូមិ និងថវិកា២,៥០០ដុល្លា សម្រាប់សងថ្លៃការជួសជុលផ្លូវ និងថវិកា៤លានរៀលបន្ថែម សម្រាប់ចូលរួមរៀបចំកម្មវិធី ដែលមានការចូលរួមពីអាជ្ញាធរ មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ និងគណៈកម្មការអាចារ្យផងដែរ៕