(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត»។

លោក ម៉ៅ ធនិន បានលើកឡើងបែបនេះ នៅសាលប្រជុំសាលាស្រុកក្រគរ ក្នុងឱកាសចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ ទំនាស់ដីធ្លី ទៅតាមសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋនៅស្រុកក្រគរ ជាលក្ខណៈគ្រួសារ ចំនួន២៤ករណីផ្សេងគ្នាដោយបាន ការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលមាន
ការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លី ទាំង២៤ករណីខាងលើនេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំ យន្តការខេត្ត បានជាង៣ឆ្នាំកន្លងមកនេះ លោកបានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង១៤០ករណីមកហើយ ជាក់ស្តែងនៅពេលថ្មីៗនេះ លោកបានបញ្ចប់ទំនាស់ដីធ្លី បាន៥ករណីផ្សេងគ្នា នៅស្រុកបាកាន ដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

លោកបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃផ្សេងគ្នានេះ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង ត្រូវមានស្មារតីសហការចូលរួមដោះស្រាយ ដោយបើកចិត្តឲ្យទូលាយ និងនិយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។

លោកអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិផង របងជាមួយ គឺមានជារៀងរហូត»។ បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែល នៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នា ហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ។

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លីទាំង២៤ករណីផ្សេងគ្នានេះ ចាប់ពីពេលនេះតទៅ។

បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃពេញមួយថ្ងៃ របស់លោកអភិបាលខេត្ត ដែលបាន ចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងថ្លែង អំណរគុណជូន
ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕