(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ហាក់បង្ហាញនូវក្តីព្រួយរបារម្ភរបស់ខ្លួន ជុំវិញប្រតិបត្តិការសេវាបង់រំលស់ ដែលកំពុងតែអនុវត្តន៍ប្រចាំថ្ងៃ ក្នុងប្រទេសកម្ពុជា។

ការសម្តែងនូវក្តីព្រួយបារម្ភចំពោះ ការគ្រប់គ្រងសេវាបង់រំលស់ត្រូវកត់ត្រាក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥» ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបតែសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ក្នុងសៀវភៅយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ ត្រង់ទំព័រទី២១ បានកត់សម្គាល់ឃើញថា ប្រតិបត្តិការបង់រំលស់ នៅកម្ពុជា បានចូលរួមចំណែកក្នុងការបង្កើតអត្រាបរិយាបន្នហិរញ្ញវត្ថុ រហូតដល់៧១% ដោយបូកបញ្ជូលសេវាហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធ ក្នុងឆ្នាំ២០១៦។ ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានតាមតានការវិត្តនៃប្រតិបត្តិការនេះ និងបានវាយតម្លៃដើម្បីពិនិត្យលទ្ធភាព ក្នុងការរៀបចំបទប្បញ្ញតិគ្រប់គ្រងនិងត្រួតពិនិត្យ។

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ក៏បានរំលេចនូវឧបសគ្គបញ្ហាប្រឈម និងភាពខ្វះចន្លោះនៅក្នុងការគ្រប់គ្រង ប្រតិបត្តិការ បង់រំលស់ថា អាចនិងរារាំងដល់ការសម្រេចនូវទស្សនវិស័យ នៃទីផ្សារហិរញ្ញវត្ថុ ប្រកបដោយ ការប្រកួតប្រជែងត្រឹមត្រូវ និងស្មើរភាពនិងរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ បានកត់សម្គាល់ទៀតថា ប្រតិបត្តិការបង់រំលស់ ដែលគ្មានការគ្រប់គ្រង នឹងបង្ករឲ្យមានបញ្ហាខាងក្រោមដូចជា៖

* ការប្រកួតប្រជែងមិនត្រឹមត្រូវ និងស្មើភាពរវាងប្រតិបត្តិករបង់រំលស់ និងប្រតិបត្តិករធនាគារ និងប្រតិបត្តិករ ហិរញ្ញវត្ថុដទៃទៀតដែល ស្ថិតនៅក្រោមបទប្បញ្ញតិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។
* ខ្វះកិច្ចការពារអ្នកប្រើប្រាស់ស្របតាមគោលការណ៍នៃកិច្ចការអ្នកប្រើប្រាស់។
* ខ្វះការវិភាគត្រឹមត្រូវនូវលទ្ធភាពបងរំលស់ ដែលអាចបង្កឲ្យអតិថិជន មានបំណុលវ័ណ្ឌក។
* ការរីករាលដាល​នៃសកម្មភាព ធនាគារស្រមោល។

ជាមួយគ្នានេះដែរ ឆ្លើយតបជាមួយសេវាបង់រំលស់នេះ នៅថ្ងៃអនាគត ធនាគារជាតិនៃកម្ពុជា នឹងរៀបចំគោលនយោបាយ និងដាក់ចេញនូវបទប្បញ្ញតិ សមស្របសម្រាប់គ្រប់គ្រង ប្រតិបត្តិការបង់រំលស់, រៀបចំយន្តការកិច្ចការពារ អ្នកប្រើប្រាស់, រៀបចំឲ្យមានការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់សាធារណជន អំពីលក្ខខណ្ឌសមស្រប នៃប្រតិបត្តិការបង់រំសល់រួមមាន អត្រាការប្រាក់ អ្នកផ្តល់សិទ្ធិ និងអ្នកទទួល និងឯកសារគតិយុទ្ធចាំបាច់ផ្សេងៗទៀត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយន្តការនិងបទប្បញ្ញតិ សម្រាប់ការគ្រប់គ្រងទាក់ទងនឹង ប្រតិបត្តិការបង់រំលស់៕