(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន​ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយពីទទួលបានពាក្យបណ្ដឹង ពីម្តាយកុមារីរង​គ្រោះ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រង្សី ឧស្សាហ៍ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ​ផ្ទះលេខ ២២៧ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកកុមារីរងគ្រោះឈ្មោះ ល.ច.ក.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់​នៅ​ផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០១៖០០នាទី រំលងអាធ្រាត្រ ​នៅ​ចំណុច​ក្នុងផ្ទះសំណាក់យីហោ សៀវ ឡាង ​ផ្លូវ​លេខ៣៧១ ក្រុមទី០៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈពេលដែលជនសង្ស័យ បាននាំកុមារីរងគ្រោះ​ចេញពីផ្ទះ​សំណាក់ ​សៀវ ឡាង ដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ត្រូវម្តាយកុមារីរង​គ្រោះ​បានប្រទះឃើញ ក៏នាំខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជន​សង្ស័យ​ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលប៉ុស្តិ៍បឹងទំពុន ដើម្បីកសាងសំណុំរឿង៕