(បាត់ដំបង)៖ រថយន្តកាមរី ១គ្រឿង បើកជែងម៉ូតូរ៉េចង្កួតទៅបុករថយន្តក្រុងក្រុមហ៊ុន ហ្គោលវីអាយភី ស្របពេលរថយន្តទាំង២ជិះ បញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស។ ហេតុការណ៍ខាងលើនេះបានកើតឡើង នៅម៉ោង១២៖០០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ៥​ នៅចំណុចក្រុម៧​ ភូមិហៃសាន​ ឃុំជ្រៃ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង់ ។

លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរា​ចរខាងលើ ដោយសារតែរថយន្តកាមរី បានបើកជែងគេចម៉ូតូ ១គ្រឿង នៅពីខាងមុខ រួចចូលទៅគន្លងផ្លូវខាងរថយន្តក្រុង ទើបបណ្ដាលឲ្យកើតមានឡើងនៅករណីគ្រោះថ្នាក់ចរា​ចរណ៍នេះតែម្ដង។

លោក ផង់ សុភាព បានឲ្យដឹងថា អ្នកបើកបររថយន្តកាមរី​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​បាត់ដំបង​២A-៥៨១០ ឈ្មោះ អ៉ឹម រី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅខេត្តពោធិ៍សាត់ បានស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតត្រូវបានស្លាប់ពេលដែល បញ្ជូនទៅដល់មន្ទីរពេទ្យ។ រីឯអ្នកដំណើរលើរថយន្ត ឈ្មោះ ឈូ សុភក្រ័ ភេទប្រុស អាយុ ២២ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

ចំពោះករណីនេះ នគរបាលចរាចរណ៍ស្រុកថ្មគោល បានប្រគល់ភារកិច្ចឲ្យមន្រ្តីនគរបាលចរាចរណ៍ខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕