(ស្ទឹងត្រែង)៖ ​សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យទំនិញគ្មានគុណភាព និងប្រេងខ្យងដែលមានសារធាតុគីមីហាមឃាត់ ក្នុងផ្សារ​សាមគ្គី ក្រុងស្ទឹងត្រែង។

​លោក គឹម ប្រុស បានបញ្ជាក់ថា ​ការ​ត្រួតពិនិត្យលើទីផ្សារក្នុងខេត្តស្ទឹងត្រែង​ គោលបំណង​ធំ គឺស្វែងរកផលិតផលប្រេង ខ្យងម៉ាក់ អយស្ទ័រ​សុះ ដែលមានលាយសារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ប៉ុន្ដែ​ពុំមានលក់ផលិតផលខុសច្បាប់នោះទេ។

ក្រៅពីនោះមន្រ្តីកាំកុងត្រូល បានធ្វើការណែនាំ ផ្សព្វផ្សាយអាជីករលក់ក្នុងផ្សារ និងតាមផ្ទះឲ្យបានយល់​ពីសាធារគីមី ក្នុងទំនិញដែលហាម​ឃាត់ អំពីការថែរក្សាទុកដាក់ទំនិញ អំពីការត្រួតពិនិត្យទំនិញ មុន​ទទួលយកមកលក់ និងឲ្យដឹងពី​កាលបរិច្ឆេទកំណត់ នៃមុខទំនិញនិមួយៗ ជាពិសេសទំនិញដែលលាយសារធាតុគីមីហាមឃាត់។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានលើកឡើងថា​ បើអាជីករមានឆន្ទៈមិនយកទំនិញគ្មានគុណភាព ឬប៉ះពាល់សុខភាព មកលក់លើទីផ្សារ វាការប្រសើរណាស់ដល់សុខភាព រួមជាមួយការពិនិត្យជាញឹកញាប់របស់​មន្រ្តី​កាំកុងត្រូលទៀតនោះ វាកាន់តែធ្វើម្ហូបអាហារ​ហូរចូលទីផ្សារ​ស្ទឹងត្រែង ផ្តល់នូវអនាម័យល្អ មិនប៉ះពាល់សុខភាព។ ទោះជាយ៉ាងណា ពលរដ្ឋនូវតែប្រកាន់​ភ្ជាប់នៅការប្រុងប្រយ័ត្នជានិច្ច ព្រោះទំនិញ​ហូរចូលមក កម្ពុជា​ធ្លាប់មានទំនិញខ្លះ ប៉ះពាល់​សុខភាពធ្ងន់ធ្ងរ បង្ក​កើតឡើងនូវជំងឺជាច្រើន រហូតដល់បាត់ បង់អាយុជីវិតថែមទៀតផង។

សូមជម្រាបថា ជាញឹកញាប់មន្រ្តីកាំកុងត្រូល តែងចុះត្រួតពិនិត្យទំនិញហូបចុក ដែលប៉ះពាល់ សុខភាពដល់ប្រជាពលរដ្ឋ ដែលការពិនិត្យនេះ ធ្វើឲ្យពលរដ្ឋមានទំនុកចិត្តជាមួយការទិញម្ហូបអារហារ ព្រោះមិនធ្វើឲ្យប៉ះពាល់សុខភាព នៅពេលអាជីករយកទំនិញមកលក់នៅទីផ្សារ ជាទំនិញ​មានគុណភាព មិនហួសសុពលភាព មិនមានសារធាតុ ធ្វើឲ្យប៉ះពាល់សុខភាព៕