(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងជម្រុញឲ្យគ្រប់សាលារៀនគួរតែបន្ថែម​នូវការសិក្សាអប់រំលើ​ការគោរព​ច្បាប់​ចរាចរណ៍ និងការស្រលាញ់បរិស្ថានដល់កុមារ ដើម្បីជាគន្លឹះមួយក្នុងការបណ្ដុះទម្លាប់កុមារពីក្មេងទៅ​ឲ្យយល់ដឹងកាន់តែច្រើន និងធ្វើអ្វីដែល​ល្អត្រឹមត្រូវ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រីនេះ ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមជាធបតីភាពក្នុងកម្មវិធីពិព័រណ៍កុមារ និងគ្រួសារលើកទី៤ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

ពិព័រណ៍កុមារនិងគ្រួសារនេះ បាននឹងកំពុងដំណើរការនៅក្នុងបរិវេណអាគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការតាំងបង្ហាញ​ពិសេសៗ តាមបែបគំនូរជីវចល និងមានស្ដង់លក់ឥវ៉ាន់ប្រមាណ១៥០ក្រុមហ៊ុនទៀតផង។

លោករដ្ឋមន្ដ្រីបានថ្លែងថា «ឪពុកម្ដាយគឺជាអ្នកបង្កើត អ្នករៀបចំអត្តចរិករបស់កូន ប៉ុន្ដែសាលារៀនគឺជាគោលសំខាន់បំផុតក្នុងការ​បណ្ដុះនូវទម្លាប់របស់កុមារ ដូច្នេះហើយសាលាគួរតែជម្រុញបន្ថែមទៀតនូវផ្នែកការស្រលាញ់បរិស្ថាន អំពីច្បាប់ចរាចរណ៍.... បើសិនយើងបណ្ដុះទម្លាប់ពីតូចទៅរបស់កុមារ និងធ្វើពួកគេស្គាល់អំពីទម្លាប់ល្អ លុះពេលធំឡើងកូននឹងអាចបណ្ដុះទម្លាប់មួយនេះបាន​សាលារៀនសំខាន់បំផុត ហើយឪពុកម្ដាយគួរតែជាដៃគូរដ៏ល្អក្នុងការបណ្ដុះបណ្ដាលកុមារនេះ»។

លោកបានថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាលកុមារនេះគឺជាទំពាំងស្នងឬស្សីយ៉ាងសំខាន់ណាស់ ការរួមចំណែករបស់ ឪពុកម្ដាយ សាលារៀន និងសង្គម សព្វថ្ងៃនេះសាលារៀនមានការរីកដុលដាលជាច្រើនសម្បីតែនៅជនបទឆ្ងាយៗដែលកុមារគ្មានប្រាក់ ឬកូន​អ្នកក្របំផុតក៏រដ្ឋាភិបាល​តែងតែយកចិត្តទុកដាក់ជួយជាអង្ករសម្រាប់ដោះស្រាយជីវភាពគ្រួសារ ដើម្បីកុំឲ្យឪពុកម្ដាយយកកូន​ទៅធ្វើការសម្រាប់អង្ករ​ដែលបាន​ផ្ដល់ឲ្យនេះ គឺជួយផ្ដល់ភាពងាយស្រួលដល់កុមារ ក៏ដូចជាគ្រួសារព្រោះថាប្រសិនបើមានអង្ករសម្រាប់ដោះស្រាយជីវភាពគ្រួសារហើយនោះ ពួកគេនឹងមិនយកកុមារទៅធ្វើការនោះឡើយ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាបានថ្លែងឲ្យដឹងថា ការបង្កើតពិព័រណ៍នេះឡើងគឺដើម្បីអាចឲ្យពុកម្ដាយ និងកូនៗបានជុំគ្នាសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល និងបង្កើតភាពកក់ក្ដៅយ៉ាងពិតប្រាកដមួយឲ្យកូនតាមរយៈការកម្សាន្ដ សប្បាយជាមួយនឹងសកម្មភាពប្លែកៗ និងទីធ្លាកម្សាន្ដជាច្រើននៅក្នុងពិព័រណ៍ទៀតផង។

លោកបានបន្ថែមទៀតថា គោលបំណង និងបេសកម្មរបស់ពួកយើងគឺការផ្ដល់ស្នាមញញឹមដល់ក្រុមគ្រួសារ សារអប់រំ និងបទពិសោធន៍ល្អៗដល់កុមារតូចប្រមាណ ប្រមាណ៣០០០០នាក់សម្រាប់ទាំងពីថ្ងៃនេះ។

សូមបញ្ជាក់ថាពិព័រណ៍កុមារនេះមានការតាំងបង្ហាញស្ដង់អាហាផ្សេងទៀតប្រមាណជា១៥០ក្រុមហ៊ុន  និងបានរៀបចំបញ្ចុះតម្លៃ​ពិសេសរហូតដល់៥០ភាគរយ និងផ្ដល់ជូនរង្វាន់ដោយឥតគិតថ្លៃផងដែរ។

 ពិព័រណ៍ទាំងពីរថ្ងៃនេះក៏បានឲ្យឱកាសដល់កុមារី កុមារា​បង្ហាញសមត្ថភាព និងទេពកោសល្យតាមរយៈការប្រកួតក្រងសក់ ច្រៀងចម្រៀង គូររូប ដើរម៉ូត សូត្រកំណាព្យ និយាយរឿងនិទាន សសេរតាមអាន និងការប្រកួតគិតលេខជាដើម៕