(ភ្នំពេញ)៖ ករណីលទ្ធផលបឋមនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលដំបូងឡើយ គណបក្សសង្គ្រោះជាតិ​ នាំមុខគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ៧សំឡេងវិញ។

ក្រោយចាញ់បណ្ដឹងនៅ PEC រាជធានីភ្នំពេញហើយ គណបក្សសង្គ្រោះជាតិ បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

បន្ទាប់ពីធ្វើការពិនិត្យចប់សព្វគ្រប់ហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេចចារបដិសេធ លើលទ្ធផលដែលបានរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ ដោយសារគ្រប់ធាតុផ្សំដែលកំណត់ត្រង់ មាត្រា១៤៩ និងមាត្រា១៥២ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

តាមសេចក្ដីប្រកាស បានឲ្យដឹងថា ចំពោះបញ្ហានេះ គ.ជ.ប បានសម្រេចរក្សាលទ្ធផលនៃការបោះឆ្នោត នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនេះ ទុកជាបានការដដែល​ ដោយមានសំឡេងគាំទ្រដូចខាងក្រោម៖
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានចំនួន ១១៧សំឡេង
* គណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ២,៦១១សំឡេង
* គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ២,៨០៦សំឡេង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានពន្យល់បន្ថែមថា ការដែល គ.ជ.ប សម្រេចចារបដិសេធលើបណ្ដឹងនោះ គឺមានហេតុផលច្រើនប្រការ ដូចជា ពេលខ្លះ នៅថ្នាក់ឃុំ-សង្កាត់គ្មានបញ្ហាអ្វីសោះ តែបែរជាដាក់ពាក្យបណ្ដឹងមកសុំរាប់សន្លឹកឆ្នោតឡើងវិញ, ខ្លះលទ្ធផលសំឡេងឆ្នោតរបស់គណបក្សនីមួយៗ លំអៀងគ្នាលើស ០.៥ភាគរយទៅទៀត ព្រោះប្រការនេះ ទាល់តែសំឡេងឆ្នោតរបស់គណបក្សនយោបាយ ខុសគ្នាក្រោម ០.៥ភាគរយពីគ្នា ទើបអាចរាប់ឡើងវិញជូនបាន, មួយចំនួនទៀត ផុតអាយុកាលហើយ នៅតែប្ដឹងមកទៀត ហើយនៅមានបញ្ហាជាច្រើនទៀត ដែលបង្ហាញពីការមិនគ្រប់ធាតុផ្សំ ក្នុងការដាក់ពាក្យបណ្ដឹង។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ PEC រាជធានីភ្នំពេញ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយលទ្ធផលបឋម បានបង្ហាញថា សន្លឹកឆ្នោតរបស់ CNRP នៅសង្កាត់នេះ មានចំនួនតែ ២,៧៨៥សំឡេងប៉ុណ្ណោះ ចំណែកគណបក្សប្រជាជនកម្ពុជា មានចំនួន២,៧៩២សំឡេង ដោយគណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ចំនួន៧សំឡេង៕