(កោះកុង)៖​ ដោយមើលឃើញ នៅភាពលំបាកក្នុងជីវភាពរស់នៅរបស់ លោក អៀង ប៉ូច អធិការរង​ស្រុកមណ្ឌលសីម៉ា ដែលមានជំងឺរ៉ាំរ៉ៃដើរមិនរួច ហើយប្រពន្ធបានស្លាប់ចោរពេលថ្មីនេះទៀត និងមានកូន​ក្នុងបន្ទុក​២នាក់ទៀត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៧នេះ លោក ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមណ្ឌលសីម៉ា ចាត់ឲ្យក្រុមការងារនាំអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន។

លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីម៉ា បានឲ្យដឹងថា ដោយមើលឃើញភាពលំបាក ក្នុងជីវភាពក្រុមគ្រួសារ លោក អៀង ប៉ូច អធិការរងស្រុកមណ្ឌលសីម៉ា ថ្ងៃនេះ លោកបាន​នាំនូវថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុមណ្ឌលសីមា ​ហើយក្រៅពីថវិកា ក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

លោក ហាក់ ឡេង បានបញ្ជាក់ថា ​គ្រួសារលោក អៀង ប៉ូច ជីវភាពក្រលំបាកណាស់ ពិសេសប្រពន្ធ​បានស្លាប់នៅពេលថ្មីនេះ ហើយបានបន្សល់ទុកកូន២នាក់ អាយុ​៩ឆ្នាំ និងម្នា​ក់​៦ឆ្នាំ ទុកឲ្យគាត់ចិញ្ជឹម ហើយខ្លួនគាត់ធ្លាក់ខ្លួនឈឺដើរមិនរួចទៀត ដោយសារជំងឺខ្លាញ់រុំបេះដូង ហើយសម្ពាធសសៃរឈាម​។

​ទោះបីជាអំណោយទាំងនេះ វាតិចតួចមែនតែវាជាសិល្បៈចែករំលែក ហើយ​អាចជួយដោះស្រាយ ក្នុងជីវភាព​បានមួយរយៈដែរ​៕