(ភ្នំពេញ)៖ ឆ្នាំ២០១៧នេះ ជាលើកទី៣ហើយ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាយោគៈអន្តរជាតិ (International Day of YOGA) ដើម្បីបំផុសស្មារតីហាត់កីឡា ផ្សារភ្ជាប់ជាមួយការអប់រំចិត្តគំនិតឲ្យស្ងប់សុខ ហើយព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញទេសចរអន្តរជាតិ ពិសេសទេសចរឥណ្ឌា ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ នៅឆ្នាំខាងមុខៗ។

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ គេឃើញមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស បានចូលរួមហាត់យោគៈនេះ យ៉ាងច្រើនកុះករ ក្រោមវត្តមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក រ៉ាជិត កូម៉ា ភារធារីនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លោកអភិបានរងរាជធានីភ្នំពេញ និងក្រុមសម្របសម្រួលរបស់ក្រសួងទេសចរណ៍ផងដែរ។

លោក រ៉ាជិត កូម៉ា បានឲ្យដឹងថា ទិវានេះបានធ្វើឡើងរយៈពេល២ឆ្នាំ ជាប់ៗគ្នានៅកម្ពុជា គឺនៅឆ្នាំ២០១៥ និង២០១៦ រួចមកហើយ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជននៅកម្ពុជា។
លោកបន្តថា យោគៈ (YOGA) ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ថា យោគៈ បានផ្តល់នូវវីធីសាស្ត្ររួមមួយ ដើម្បីថែរក្សាសុខភាព និងសុខុមាលភាព ហើយអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិកប្រមាណ ១៩៣ប្រទេស បានអនុម័តសេចក្តីសម្រេចរួមគ្នាមួយ។

លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានថ្លែងថា ការហាត់យោគៈ មិនត្រឹមតែផ្ដល់ភាពរឹងមាំដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ការអប់រំចិត្តគំនិត ឲ្យមានភាពស្ងប់សុខ ជ្រះស្រឡះពីភាពស្មុគស្មាញផងដែរ។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិរៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជានេះ ក៏បានបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌាថែមទៀតផង។

ជាមួយគ្នានេះ នៅតាមវបណ្ដោយឆ្នេរសុខា ខេត្តព្រះសីហនុ​ ឯណោះវិញ ក៏បានប្រព្រឹត្តិទិវាយោគៈអន្តរជាតិ ស្របពេលជាមួយរាជធានីផងដែរ ដែលមានការចូលរួមពីភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងសន្ធឹកសន្ធាប់ផងដែរ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ទិវាយោគៈអន្តរជាតិលើកទី៣ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គវត្តផងដែរ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយលោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលមានការចូលរួមពីមន្រ្តីអង្គទូត ប្រតិភូកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) សិស្ស-និស្សិត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១,០០០នាក់។

សូមបញ្ជាក់ថា ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ សម្រាប់ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍យោគៈអន្តរជាតិ នឹងត្រូវរៀបចំឡើងក្នុងទីតាំងសំខាន់ៗចំនួន៣ ក្នុងប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕