(ព្រះវិហារ)៖​ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម លោកនាយកសាលាវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ អាជ្ញាធរដែនដី បានបើកវគ្គសិក្សា ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្សវិទ្យាល័យចំនួន៨០នាក់ ក្នុងនោះសិស្សនារីចំនួន៤៥នាក់ ដើម្បីឲ្យសិស្សានុសិស្សទាំងនោះ បានយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងអាចចែករំលែកចំណេះដឹងរបស់ពួកគេ ទៅកាន់ប្រជាពលរដ្ឋដទៃផ្សេងៗ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដោយលទ្ធផលផ្តោត សំខាន់ទៅលើបញ្ហា៖

* ការយល់ដឹងពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ
* ការកំណត់ កាលបរិច្ឆេទប្រើប្រាស់ និងផលប៉ះពាល់
* ផលប៉ះពាល់នៃការបន្ថែមសារធាតុគីមី Formalin, Borax, Sodium Hydrosolfite
* តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសតាមមាត់ច្រក ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។ ក្រៅតែពីការត្រួតពិនិត្យទំនិញហើយនោះ កាំកុងត្រូល ក៏ចុះធ្វើការអប់រំ និងផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ សិស្ស និស្សិតតាមសាលារៀនផងដែរ។

ជាទីបញ្ចប់ លោក ដួង មុនី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ សូមផ្សព្វផ្សាយបន្ត នូវចំណេះដឹងទទួលបាន ទៅកាន់ប្រជាពលរដ្ឋ បងប្អូនមិត្តភក្តីដទៃទៀត ឲ្យបានយល់ដឹងពីបញ្ហាសុវត្ថិភាពអាហារផងដែរ៕