(ភ្នំពេញ)៖ បន្ទាប់ពីការសួរនាំរួចមក នៅល្ងា​ចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ បានចោទប្រកាន់ ទៅជនសង្ស័យ២នាក់ តំណាងក្រុមហ៊ុន Empire Big Capital Limited (EBC)​ ដែលត្រូវបានចាប់ខ្លួនរឿងឆបោកប្រជាពលរដ្ឋជាង៥ម៉ឺននាក់ គិតជាទឹកប្រាក់ជាង៤០០ លានដុល្លារ ក្នុងរូបភាពយកលុយទៅដាក់ ហើយបានស៊ីថ្លៃការខ្ពស់។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃនេះ បានប្រាប់អ្នកកាសែតថា «លោក ស៊ិន វីរៈ បានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ ទៅលើឈ្មោះ តេង សារឿន ពី​បទ​ឆបោក តាម​មាត្រា​៣៧៧ និងមាត្រា៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

​កាលពីម្សិលមិញ កម្លាំងនគរបាល​​នាយកដ្ឋាន​ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការតាម​តាម​ច្បាប់​។

គួរ​បញ្ជាក់​ថា​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បាន​​បង្ហាញ​មុខ​សញ្ញា​ក្រុមជន​ឆបោក​​ប្រាក់​ពី​​ប្រជាពលរដ្ឋ​ ក្នុង​វិស័យ​មូលបត្រ​ អស់​​​ចំនួន​រាប់​​រយ​​លាន​ដុល្លារ​ ក្នុង​នោះ​​មាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍(AIF)​, សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ(ICA) និង​ក្រុម​ហ៊ុន Empire Big Capital Limited (EBC)​ និង​បុគ្គល​ពាក់ព័ន្ធ​ ក្នុង​ករណី​ប្រតិបត្តិការ​​​គ្មាន​ការ​អនុញ្ញាត​ ហើយ​​និង​ចាត់​វិធាន​​ស្រាវ​ជ្រាវ​ចាប់ខ្លួន​​យក​​មក​វិនិច្ឆ័យ​​ទោស ។

ក្រសួងមហាផ្ទៃ​ នឹង​​ចាត់ការ​ផ្លូវច្បាប់​ ចំពោះ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF)​ ដែល​មានឈ្មោះ​ហួត សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​៩៩ ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក។ សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ដែល​មាន​ឈ្មោះ​ជិ​ហ្គោ សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​១១៤​ហាស​ផ្លូវ​លេខ​៥៥ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វារ​ ​និង​ក្រុមហ៊ុន Empire Big Capital Limited (EBC) ​ដែល​មានឈ្មោះ​Tan Tze Chin​ ហៅ​Sean Tan ជនជាតិ​ម៉ា​ឡេ​ស៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​A28455291 ជា​ប្រធាន​ក្រុម​ហ៊ុន ​និង​ឈ្មោះ​ឡុ​ង សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ​ ​មាន​ផ្ទះ​លេខ​១៦៤ ផ្លូវ​១៩ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕