(ភ្នំពេញ)៖ លោកឧត្តម​សេនីយ៍ទោ​ ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧​នេះ ​បានចាត់​ឲ្យលោកវរសេនីយ៍ទោ វ៉ែន សំអាត នាយការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល និងសហការី ​នាំយកថវិកាចំនួន៣,៣៨០ដុល្លារ និង៤,១៩០,០០០រៀល ទៅ​ជួយឧបត្ថម្ភ​ដល់លោកអនុសេនីយ៍ត្រី ឆាយ សុគន្ធ ដែលជួបគ្រោះ​ថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ កំពុងសម្រាក់ព្យាបាល​នៅមន្ទីរ​ពេទ្យរុស្ស៊ី​។

ថវិការទាំងនេះ បានមកពីការជួយ​ឧបត្ថម្ភ របស់សប្បុរសជននានា, ថ្នាក់ដឹកនាំនៃគណៈស្នងការ និងមន្ត្រីនគរបាល ខេត្តព្រះសីហនុ ក្រោមការផ្តួចផ្តើម របស់លោកឧត្តម​សេនីយ៍ទោ ​ជួន ណា​រិន្ទ ផ្ទាល់តែម្ដង។

លោកវរសេនីយ៍ទោ វ៉ែន សំអាត បានបញ្ជាក់បន្ថែមថា ក្នុងថ្ងៃនេះផងដែរលោកស្នងការ បានចាត់ឲ្យលោក​នាំយកថវិកា​ចំនួន១លានរៀល ទៅចូលបុណ្យ៧ថ្ងៃ សពលោក ជា វង់វិចិត្រ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ផងដែរ។

គួរបញ្ជាក់ថា នៅពីយប់ថ្ងៃទី១១ ខែ​មិថុនា​​ ឆ្នាំ​២០១៧​​កន្លងទៅ លោកអនុសេនីយ៍ត្រី ឆាយ សុគន្ធ មន្ត្រីនគរបាលប៉ុស្តិ៍​រដ្ឋបាលសង្កាត់​លេខ៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកំពុងបំពេញភារកិច្ច​យាមល្បាតនៅក្នុងមូលដ្ឋាន ហើយត្រូវក្រុមគ្រួសារ​បានបញ្ជូនជនរង​គ្រោះ យកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី រាជធានី​ភ្នំពេញ តែស្ថានភាពនៅតែធ្ងន់ធ្ងរ៕