(កណ្តាល)៖ ដោយត្រួតពិនិត្យឃើញថា រណ្តៅដីលោក កែវ ប៊ុនធឿន បានជីករំលោភអាជ្ញាប័ណ្ណ រហូតជិត១ហិកតា និងមិនគោរពតាមសាចរាណ៍ណែនាំរបស់ក្រសួងជំនាញ និងជីកខុសលក្ខណៈបច្ចេកទេស អាចប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាងនោះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះបិទតែម្ដង។

ការចុះបិទនេះ ​ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ​នៅចំណុច​ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាល​ស្ទឹង ដែលដឹកនាំដោយ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និង​មន្ត្រីជំនាញរបស់ក្រសួងច្រើននាក់ទៀតផងដែរ។

លោក ហេង ចាន់ធួន បានឲ្យដឹងថា ការផ្អាករណ្តៅរបស់លោក កែវ ប៊ុនធឿន មួយ​សប្តាហ៍នេះ ដោយសារម្ចាស់រណ្តៅដីនេះមិនគោរពតាម សារាចរណ៍ណែនាំលេខ៣១០ ស្តីពីច្បាប់ដឹក​ជញ្ជូនសារធាតុរ៉ែ និងជីកខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាង ជាពិសេស​គឺជីករំលោ​ភទៅលើអាជ្ញាប័ណ្ណ​ រហូតដល់ទៅ៨,០០០ម៉ែត្រការ៉េ ដោយទំហំដី នៅក្នុងអាជ្ញាប័ណ្ណដែលក្រសួង​ចេញឲ្យជីក​ត្រឹមតែ១០,០០០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះ​យើងត្រឹមតែបិត ដើម្បីឲ្យម្ចាស់អាជ្ញាប័ណ្ណនេះ ធ្វើអាជ្ញាប័ណ្ណត្រឹមត្រូវទៅតាមទំហំកំពុងជីក និងកែតម្រូវ​លក្ខណៈបច្ចេកទេសត្រឹមត្រូវផងដែរ ទើបក្រសួងអនុញ្ញាតិ​បើកធ្វើអាជីវកម្ម​បន្ត​ទៀតបាន ប៉ុន្តែនៅពេលម្ចាស់បានអាជ្ញាប័ណ្ណហើយ ក្រសួងនឹងចុះមកពិនិត្យម្តងទៀត បើមិនត្រឹមត្រូវ​តាមការណែនាំនោះ ក៏មិនអនុញ្ញាតិឲ្យធ្វើអាជីវកម្មដែរ លុះត្រាតែកែតម្រូវឲ្យស្របតាមលក្ខណៈបច្ចេក​ទេសទាំងអស់​។

លោក ចំរើន នៅក្នុងភូមិ​ដែលមានផ្ទះរស់នៅ លើខ្នងព្រែកកំពឺសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញនោះ បាននិយាយថា ពួកគាត់សព្វថ្ងៃមានការ លំបាកខ្លាំងណាស់ដោយសាររថយន្តដឹកដីធំៗ បើកលឿនបង្កឲ្យភ័យខ្លាច ពីសុវត្ថិភាពក្រុមគ្រួសារពួកគាត់ ជាពិសេស​កូនតូចៗរបស់ពួកគាត់ ប្រឈមនឹងគ្រោះថ្នាក់ ដោយសាររថយន្តដឹកដីនេះ។

​ចំពោះបរិស្ថានរស់នៅ គឺរឹតតែពិបាកខ្លាំងទៀត ដោយពេលថ្ងៃត្រង់ពេលរថយន្តបើកមកម្តងហុយងងិតគ្របលើផ្ទះសម្បែងពួកគាត់ចូលចានបាយចានសម្លរ លុះពេលព្រឹកល្ងាចរអិលធ្វើដំណើរមិនរួច ចំណែកផ្លូវ ខូចខាតជង្ហុកធំ ដូចរន្ធបាយខុម និងកន្លែងខ្លះបើកម៉ូតូ រ៉ឺម៉កលែងរួចហើយ ខ្នងទំនប់ខូចកៀរលុប​ បណ្តាលឲ្យខ្នងទំនប់ទាបទៅៗ ឆ្នាំនេះអាចប្រឈម​ការលិចទឹកជាមិនខាន ដូច្នេះគាត់សំណូមពរក្រុមហ៊ុនជួសជុលផ្លូវ និងចាក់​បំពេញផងដែរ បើចេះតែឈូសឆាយខ្នងទំនប់បែបនេះ នៅរដូវ​ទឹកតំឡើង ប្រាកដហៀរចូលផ្ទះ​ប្រជាពលរដ្ឋជាមិនខាន។

មន្ត្រីកំប៉ិចកំប៉ុក នៅសាលាខេត្តបានបង្ហើបថា ម្ចាស់អាជ្ញាប័ណ្ណ លោក កែវ ប៊ុនធឿន អាចមិនខុសពីម្ចាស់​អាជ្ញាប័ណ្ណ​ លោក សៅ ពន្លក នោះទេ ដោយសារលោក អ៊ុក ឡាឌីន ក្រសួងមិនចេញអាជ្ញា​ប័ណ្ណឲ្យទៀត ព្រោះបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ទើបយកឈ្មោះអ្នកផ្សេងមកឈរលើ អាជ្ញាប័ណ្ណបែបនេះ ហើយការជីករំលោភអាជ្ញាប័ណ្ណ ធ្វើបាត់ចំណូលសួយសារ ដែលត្រូវ​បង់ចូលរដ្ឋក្នុង១ឆ្នាំ​មិនតិច ដូច្នេះក្រសួងគួរតែពិន័យទៅលើឈ្មួញ ដែលប្រព្រឹត្តិបែបនេះឲ្យចាស់ដៃបន្តិច ដើម្បីឲ្យរាងចាល និងជាគំរូទៅអ្នកដទៃទៀតផងដែរ​៕