(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើន កើតការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះអាជ្ញាធរស្រុកស្ទោង ដែលធ្វើមិនដឹងមើលមិនឃើញ សំណង់ឯកជនមួយ ដែលកំពុងតែយកចំណីស្ទឹងស្ទោង មកធ្វើជាដីកម្មសិទ្ធិខណៈពេល ដែលច្បាប់ហាមឃាត់ដាច់ខាត។ ការសាងសង់រំលោភលើដីចំណីស្ទឹង ដីចំណីកើតឡើងដោយរលូននេះ ត្រូវបានគេសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយនឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ទើបបានជាបណ្តែតបណ្តោយឲ្យសាងសង់បែបនេះ។

ប្រជាពលរដ្ឋមូលដ្ឋាន បានបន្តថា សំណង់យក្សបានសាងសង់ជាបណ្តើរៗ ក្បែរស្ពានស្ទោងប្រមាណ៦ម៉ែត្រ តែពុំត្រូវសមត្ថកិច្ចជំនាញ ឬអាជ្ញាធរពាក់ព័ន្ធណាមានការចាប់អារម្មណ៍ នោះឡើយបែរជាថាមិនដែលឃើញមិនដែលដឹងទៅវិញអញ្ចឹងហើយបានជាប្រជាប្រិយភាពស្រុកស្ទោងមានការថយចុះ ក៏ដោយសារតែបញ្ហាតូចតាចប៉ុណ្ណឹងតមិនពុំអាចដោះស្រាយ មិនចាប់អារម្មណ៍ធ្វើឲ្យប្រជាពលរដ្ឋខ្វះទំនុកចិត្តមកលើអាជ្ញាធរមូលដ្ឋាននិងបាត់បង់ជំនឿក្នុងការដោះស្រាយវាទរួមរបស់ពួកគេ។

សំណង់អាណាធិបតេយ្យ រំលោភយកដីចំណីស្ទឹង ត្រូវបានប្រភពព័ត៌មានខ្សឹបប្រាប់ថាមានឈ្មោះ អៀត អេងស៊ូ ភេទប្រុស រស់នៅឃុំចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយការសាងសង់នេះ គឺមានការត្រូវ រ៉ូវគ្នាជាមួយ និងលោកធំៗ ក្នុងស្រុកដោយសាងសង់មិនខ្វល់ពីផលប៉ះពាល់ ដល់សោភ័ណភាពស្ទឹងឡើយ ហើយក៏ពុំមានការហាមឃាត់នោះដែល ដោយសារតែមានការបើកដៃពីមន្ត្រីសូរិយោដីស្រុកនេះហើយ។

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឲ្យដឹងថា កន្លងមកនេះលោកពុំបានដឹងទាល់តែសោះចំពោះការសាងសង់នេះ បើមានការសាងសង់មែន គឺពុំមានច្បាប់អនុញ្ញាតនោះឡើយ តែបើសិនជាសុំច្បាប់ក៏គេមិនឲ្យដែរ ព្រោះវាជាដីស្ទឹងតែការសាងសង់នេះ គឺប្រជាពលរដ្ឋគាត់ឃើញតាមៗគ្នា ក៏ធ្វើតាមគ្នាប៉ុន្តែលោកនឹងឲ្យគេទៅមើលទីតាំងសាងសង់សំណង់មួយនេះ។

រឿងមួយនេះធ្វើឲ្យក្រុមមហាជននាំគ្នាអស់សំណើច និងហួសចិត្តយ៉ាងចំពោះការឆ្លើយបំភ្លឺរបស់លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ថាមិនដែលដឹង មិនដែលឃើញ ដោយសារតែសំណង់នេះនៅជាប់នឹងស្ពានស្ទោងអ្នកផងដែលធ្វើដំណើរទៅមកក៏ឃើញ មើលឃើញគ្រប់គ្នាតែលោកអភិបាលស្រុកស្ទោង ឆ្លើយថាមិនដែលឃើញសោះចឹងមានន័យថាសំណង់ហ្នឹងចេះបំបាំងកាយមែនឬ៕