(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និង​ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃនេះ បានអះអាង នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅគ្រប់ទីកន្លែង បានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា កាលពីពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងទៅនេះ។

​ការលើកឡើងបែបនេះរបស់ លោក អូស្មាន ហាស្សាន់ បានធ្វើឡើង នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមពិសា​អាហារស្រាយបួស ជាមួយពលរដ្ឋខ្មែរ-ឥស្លាម រាប់ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

លោក អូស្មាន ហាស្សាន់ ថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យឃើញថា នៅគ្រប់ទីកន្លែងដែលមានបងប្អូនឥស្លាមរស់នៅ គឺបងប្អូនបានបោះឆ្នោតគាំទ្រ ជូនគណបក្ស​សម្ដេចតេជោ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលយ៉ាងច្រើនលើសលុប ដែលស្របនឹងធម៌សាសនា ដែលបានឲ្យសាសនិកឥស្លាម ដឹកគុណទៅចំពោះអ្នកដែលបានផ្ដល់នូវ គុណូបក្ដារៈមកលើយើង ដែលមិនអាចបញ្ចប់ត្រឹមឆ្នាំមុន ឆ្នាំនេះ ឬឆ្នាំខាងមុខនោះឡើយ ហើយក៏ឲ្យរំលឹកពីគុណផងដែរ»

បើតាមលោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ គឺជាការដឹងគុណ តបស្នងទៅនឹងសិទ្ធិសេរីភាពដ៏ពេញលេញដែលទទួលបាន មកពីការខិតខំតស៊ូរបស់ សម្ដេចតេជោ របស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជន​ ដែលប្រជាពលរដ្ឋខ្មែរឥស្លាម បានឆ្លើយតបជូនវិញ ដោយកាយវិការគាំទ្រដ៏ស្មោះស័្មគ្រ ដោយការប្រើប្រាស់សិទ្ធិមួយ នៃសន្លឹកឆ្នោតមួយសន្លឹកជូនមកវិញ ដោយក្ដីគោរពស្រឡាញ់ ដឹងគុណពេញចិត្ត។

យ៉ាងណាមិញ លោកបានរំលឹកថា ​ខែរ៉ាម៉ាឌន ឆ្នាំនេះ ក៏ចំគ្នាផងដែរ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកម្ពុជា បានទៅបោះឆ្នោត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលបួសបាន៩ថ្ងៃ ដែលពិតមែនតែបួសមាននឿយហត់ច្រើន តែក៏ពលរដ្ឋខ្មែរឥស្លាមនៅតែខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្តទាំងអស់គ្នា រួមជាមួយនឹងប្រជាពលរដ្ឋកម្ពុជាទូទៅ ដើម្បីបំពេញកិច្ចការរក្សាការពារនូវសុខសន្ដិភាព ក្នុងការបោះឆ្នោត ព្រោះវាជាការបោះឆ្នោត ដើម្បីរក្សាសេចក្ដីសុខ ការរីកចម្រើនសម្រាប់ខ្លួនឯង ដែលទទួលបានជោគជ័យយ៉ាងល្អ ប្រសើរជាទីបំផុត៕