(ភ្នំពេញ)​​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧ ស្អែកនេះ​ តុលាការ​កំពូល​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក ​អ៊ុំ​ សំអាន​ អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​រឿង​​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម​ ។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​កំពូល​ ។​ 

គួរ​បញ្ជាក់​ថា​ ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ នាថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​និង​ពិន័យ​៤លាន​រៀល​ ។

​លោក​ អ៊ុំ​ សំអាន​ ​ត្រូវបានតុលាការចោទ​ប្រកាន់ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥​ និង​ ៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មក្នុងការរិះគន់លើបញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប៕