(ប៉ៃលិន)៖ ចេញពីខេត្តបាត់ដំបង រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបេសកកម្មរបស់ខ្លូននៅខេត្តប៉ៃលិន ដោយចាប់ផ្តើមសម្អាតផ្លូវក្នុងក្រុងចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ខេត្តប៉ៃលិន ជាខេត្តដែលមានបរិស្ថានល្អ ហើយហ៊ុព័ទ្ធដោយភ្នំដែលមានព្រៃឈើ យ៉ាងស្រស់បំព្រង ដូច្នេះខ្ញុំជឿជាក់ថា ការសម្អាតផ្លូវក្នុងខេត្ត នឹងធ្វើឲ្យខេត្តនេះកាន់តែស្រស់ស្អាត និងគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍បានមួយកម្រិតថែមទៀត»

លោក កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តថា «យើងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខេត្តដោយចាប់ផ្តើមពី ការសម្អាតបរិស្ថានក្នុងក្រុង ឲ្យក្លាយជាទីក្រុងស្អាត ដូច្នេះការរួមចំណែករបស់ស្រាបៀរកម្ពុជាលើកនេះ គឺចំគោលដៅដែលយើងចង់បាន។ ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំនឹងព្យាយាមសម្របសម្រួលឲ្យខាងបរិស្ថាន ខាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការសម្អាតនេះ»

ខេត្តប៉ៃលិនជាខេត្តទី៧ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស បានមកដល់ កន្លងមករថយន្តធុនធ្ងន់ទាំងពីរគ្រឿងរបស់ក្រុមហ៊ុន បានជួយសម្អាតផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

លោកឧកញ៉ា លាង ឃុន​ បានបញ្ជាក់ថា ក្រោមយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជួនរថយន្តសម្អាតផ្លូវ ទាំងពីរគ្រឿងទៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុននិយោគដោយខ្មែរ១០០ភាគរយ ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈIze ភេសជ្ជៈប៉ូវកម្លាំង Wurks និងទឹកផ្លែឈើJoop៕