(ភ្នំពេញ)​៖ ​ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​នេះ​ នគរបាល​​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង ​ក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការតាម​តាម​ច្បាប់​។​ អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ ពុំ​ទាន់​ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយទេ​។

មន្ត្រី​តុលាការ​បានថ្លែង​ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បាន​​បង្ហាញ​មុខ​សញ្ញា​ក្រុមជន​ឆបោក​​ប្រាក់​ពី​​ប្រជាពលរដ្ឋ​ ក្នុង​វិស័យ​មូលបត្រ​ អស់​​​ចំនួន​រាប់​​រយ​​លាន​ដុល្លារ​ ក្នុង​នោះ​​មាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍(AIF)​, សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ(ICA) និង​ក្រុម​ហ៊ុន Empire Big Capital Limited (EBC)​ និង​បុគ្គល​ពាក់ព័ន្ធ​ ក្នុង​ករណី​ប្រតិបត្តិការ​​​គ្មាន​ការ​អនុញ្ញាត​ ហើយ​​និង​ចាត់​វិធាន​​ស្រាវ​ជ្រាវ​ចាប់ខ្លួន​​យក​​មក​វិនិច្ឆ័យ​​ទោស ។

លោក​ឧត្តមសេនីយ៍ឯក​ ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័​ត៌​មាន​រួម​គ្នា​​ជា​សាធារណៈ​ និង​មានការ​ចូលរួម​ពី​ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ស្ថិត​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែឧសភា ​ឆ្នាំ​២០១៧​ ។

ក្រសួងមហាផ្ទៃ​ នឹង​​ចាត់ការ​ផ្លូវច្បាប់​ ចំពោះ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF)​ ដែល​មានឈ្មោះ​ហួត សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​៩៩ ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក។ សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ដែល​មាន​ឈ្មោះ​ជិ​ហ្គោ សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​១១៤​ហាស​ផ្លូវ​លេខ​៥៥ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វារ​ ​និង​ក្រុមហ៊ុន Empire Big Capital Limited (EBC) ​ដែល​មានឈ្មោះ​Tan Tze Chin​ ហៅ​Sean Tan ជនជាតិ​ម៉ា​ឡេ​ស៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​A28455291 ជា​ប្រធាន​ក្រុម​ហ៊ុន ​និង​ឈ្មោះ​ឡុ​ង សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ​ ​មាន​ផ្ទះ​លេខ​១៦៤ ផ្លូវ​១៩ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕