(រតនគិរី)៖ ក្រុមអ្នកវិនិយោគថៃ បានសម្តែងនូវការចាប់អារម្មណ៍ចូលរួមវិនិយោគជាច្រើន នៅក្នុងខេត្តរតនគិរី​ រួមមានវិស័យកសិឧស្សាហកម្ម​ វិស័យឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ និងទេសចរណ៍ជាដើម​។

ការចាប់អារម្មណ៍របស់ក្រុមវិនិយោគគិន ត្រូវបានធ្វើឡើងក្រោមបញ្ចប់ ជំនួបសម្ដែងការគួរសមជាមួយលោក ថង សាវុន អភិបាលខេត្តរតនគិរី រវាងក្រុមប្រតិភូ​សភាពាណិជ្ជកម្មថៃ ដឹកនាំដោយលោក​ ចូកីឌី​ កែវសាង​ អនុប្រធានក្រុមប្រឹក្សាភិបាលវិនិយោគថៃ​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។

លោក​ ថង​ សាវុន​ ​បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រតិភូសភាពាណិជ្ជកម្មថៃ​ មានគ្រប់សមាសភាពតំណាងឲ្យក្រុមហ៊ុនវិនិយោគនានា​ ដែលបានមកបំពេញទស្សនៈកិច្ចផ្លូវការនៅក្នុងខេត្ត​ និងបានជម្រាបជូន អំពីសក្តានុពលនៅក្នុងខេត្ត​ជូនប្រតិភូថៃ​។​ បន្ថែមពីនេះ អភិបាលខេត្តសូមលើកទឹកចិត្ត​ និងសូមគាំទ្រចំពោះអ្នកវិនិយោគទុនថៃ​ ​ដែលមានបំណងធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ នៅក្នុងខេត្តរតនគិរី ក្រោយពីដំណើរទស្សនៈកិច្ចនេះចប់​​។

ជាមួយគ្នានោះ លោក​ ចូកីឌី​ កែវសាង​ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តរតនគិរី​ ដែលជាខេត្តមួយ​សំបូរ ដោយសក្តានុពលទេសចរណ៍​ វប្បធម៌​ និងធនធានធម្មជាតិ​ ជាពិសេសកត្តាភូមិសាស្ត្រនៅទូទាំងខេត្ត គ្របដណ្តប់ដោយផ្ទៃដីដ៏មានជីវៈជាតិ អំណោយផលដល់វិស័យកសិឧស្សាហកម្ម​ គ្រប់ប្រភេទ​។​ លោកប្រធានប្រតិភូ ក៏បានថ្លែងអំណរគុណ​ចំពោះ លោកអភិបាលខេត្ត​ ដែលបានអនុញ្ញាតិឲ្យប្រតិភូថៃ​ បានធ្វើទស្សនៈកិច្ចនៅក្នុងខេត្តរតនគិរី​ ប្រកបដោយភាពកក់ក្តៅ​ និងការទទួលស្វាគមន៍យ៉ាងរុះរាយរាក់ទាក់បំផុត​​។​

សូមជម្រាបថា ក្រោយពីដំណើរទស្សនៈកិច្ចនេះ ប្រតិភូទាំងអស់​ នឹងនាំយកអំពីសក្តានុពលនេះ ផ្សព្វផ្សាយដល់អ្នកវិនិយោគថៃទាំងអស់ ឲ្យមកវិនិយោគនៅក្នុងខេត្តរតនគិរី​ ស្របតាមធនធានដែលមាននៅក្នុងខេត្ត​៕