(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេលជាយូរថ្ងៃមកហើយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរកឃើញ សហគ្រិនវ័យក្មេងឆ្នើមចំនួន១៥រូប ដែលនឹងត្រូវឈានជើងចូលទៅប្រកួតប្រជែង យកពាន់រង្វាន់សម្រាប់ឆ្នាំ២០១៧ ដែល​នឹងត្រូវបង្ហាញមុខនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នាសណ្ឋាគារសុខាភ្នំពេញ ចាប់ពីវេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង១១៖០០នាទីរសៀល។

កម្មវិធីប្រកួតប្រជែងពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៧នេះ ត្រូវបានរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា(JCI) សាខាមេគង្គ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឲ្យមានឱកាសចូលរួមបង្ហាញសមត្ថភាពចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងនេះ ក៏លើកកម្ពស់ឱ្យសហគ្រិនវ័យក្មេងកម្ពុជាត្រៀមខ្លួនក្នុងការដណ្តើមយកពាន់រង្វាន់ផ្សេងៗទៀតលើឆាកអន្តរជាតិ។

លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕