(ភ្នំពេញ)៖ យន្តហោះប្រភេទ «Airbus 320» ដ៏ថ្មីសន្លាងមួយគ្រឿងទៀត ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ «ជេស៊ី អ៊ែរឡាញ» នាំពីប្រទេសអាល្លឺម៉ង់ ចូលមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីបម្រើសេវាហោះហើរនៅកម្ពុជា ដែលកំពុង កើនឡើងខ្លាំងនាពេលបច្ចុប្បន្ន។

ពិធីទទួល និងដាក់ឲ្យដំណើរការយន្តហោះ «Airbus 320» នាព្រឹកមិញនេះ មានការចូលរួមពីចូលរួមពី លោក Heng Tong ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយិកាក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ(JC Airlines International) លោកស្រី Dong Yan Huang, លោក កែវ ស៊ីវន អគ្គនាយកអាកាសចរស៊ីវិលផ្នែកបច្ចេកទេស រួមនឹងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់។

លោក កែវ ស៊ីវន អគ្គនាយកអាកាសចរស៊ីវិលផ្នែកបច្ចេកទេស បានលើកឡើងថា «ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ មានការីកចម្រើនច្រើនទៅលើការរៀបចំពាណិជ្ជកម្មរបស់គាត់ (JC Airlines) ហើយក្រុមហ៊ុនមួយនឹង ១៤ ខែកុម្ភៈ ឆ្នាំ២០១៧នឹងបានទទួលវិញ្ញាបនបត្រ ប្រតិបត្តិការផ្លូវអាកាសពីអាកាសចរស៊ីវិល ក្រោយពីធ្វើការត្រួតពិនិត្យយ៉ាងយូរ (៣ខែជាងជិត៤ខែ)»

លោកបន្ថែមថា ក្រុមការងាររបស់លោកបានទៅត្រួតពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាពិនិត្យមើលសភាពការ និងការងារបច្ចេកទេសទាំងអស់ ហើយកុ្រមហ៊ុនមួយនេះ ពិតជាមានលក្ខណៈគ្រប់គ្រាន់ក្នុងយកយន្តហោះមួយគ្រឿងទៀតមកកម្ពុជា។

លោក ជាវ គីរីរម្យ ប្រធានផ្នែកផលិតកម្ម ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែឡាញ បានបញ្ជាក់ថា «នេះជាប្រវត្តិសាស្ដ្រ ដែលក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ បាននាំចូលយន្ដហោះមួយគ្រឿងបន្ថែមទៀតមកកម្ពុជា ដែលធ្វើការហោះហើរនៅក្នុងស្រុក និងបណ្ដាប្រទេសមួយចំនួនទៀតដើម្បីប្រកួតប្រជែងទីផ្សារអន្ដរជាតិ។ ក្រុមហ៊ុន បានធ្វើប្រតិបត្តិការហោះហើរ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ហើយក្នុងការហោះហើរក្រុមហ៊ុនទទួលបានជោគជ័យ ដោយសារតែមានអតិថិជន និងដៃគូ បានគាំទ្រយ៉ាងច្រើនផងដែរ»

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន JC Airlines បានហោះហើរនៅក្នុងស្រុក មានដូចជា៖ ទី១៖ ភ្នំពេញ-សៀមរាប ,ទី២៖ ភ្នំពេញ-ព្រះសីហុន និងទី៣៖ សៀបរាម-ព្រះសីហុន។ នៅពេលខាងមុខក្រុមហ៊ុន នឹងហោះហើរពីកម្ពុជាទៅកាន់ប្រទេសជប៉ុន,ម៉ាឡេស៊ី និងបណ្ដាប្រទេសមួយចំនួនទៀត។

ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើន ទើបក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ នាំចូលយន្ដហោះមកកម្ពុជាក្នុងន័យដឹកជញ្ជូនអ្នកទេសចរាចណ៍ជាតិ និងអន្ដរជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជាវ គីរីរម្យ។

ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៏ ជេស៊ី មាននឹងគ្រោងបើកការហោះហើរជាអន្តរជាតិបន្ថែមទៀតរវាង ទីក្រុងភ្នំពេញ និងហុងកុង ហើយទីក្រុងភ្នំពេញនិងសឹង្ហបុរី ដែលនឹងក្លាយជាផ្លូវហោះហើរថ្មីបន្ថែមទៀត។ ដើម្បីបំពេញតម្រូវការផ្នែកសេវាដឹកជញ្ជូនអ្នកដំណើរ ដែលមានការរីកចំរើនឥតឈប់ឈរ។

ចក្ខុវិស័យនៃការពង្រីកវិសាលភាព ជើងហោះហើររបស់ក្រុមហ៊ុន គឺក្នុងទិសដៅហោះហើរឆ្ពោះទៅកាន់បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ចិន និង អឺរ៉ុប។ សេវាកម្មថ្មីនេះ គឺជាការឆ្លើយតបទៅនឹងកំណើនទេសចរ យ៉ាងខ្ពស់មកកម្ពុជានាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវានឹងផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ជាពិសេសទេសចរអាចមកកាន់កម្ពុជា ដោយងាយដើម្បីអាចទស្សនារាជធានីភ្នំពេញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ តាមរយះជើងហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនផ្ទាល់ជាច្រើនទៀត។

បច្ចុប្បន្ននេះ ក្រុមហ៊ុនជេស៊ីក៏បានកំពុងធ្វើការហោះហើរ ជាអន្តរជាតិទៅកាន់ទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទៅកាន់ទីក្រុងបាងកក ប្រទេសថៃឡង់ហើយនេះជាលទ្ធផល នៃការជឿជាក់ប្រកបដោយភាពកក់ក្តៅ បទពិសោធន៍ និងតម្លៃសមរម្យលើសេវាហោះហើរ ដល់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជេស៊ីបានបើកជើងហោះហើរជាលក្ខណះ ម៉ៅយន្តហោះទៅកាន់ទីក្រុង ម៉ាកាវ ប្រទេសចិន និងថ្មីៗនេះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន ជេស៊ី ខេបូឌា អ៉ីនធើណេសិនណល អ៊ែរឡាញ របស់កម្ពុជា ក៏បាននាំចូលយន្តហោះប្រភេទ «Airbus A320» ចំនួន២គ្រឿងថ្មីសន្លាង ពីប្រទេសអាល្លឺម៉ង់ផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ មានយន្តហោះ «Airbus A320» ចំនួន៣គ្រឿងហើយ សម្រាប់បម្រើសេវាហោះហើរ៕