(សៀមរាប)៖ ទេសភាពបៃតង និងគម្របព្រៃបានរួមចំណែកធ្វើឲ្យតំបន់រមណីយដ្ឋានអង្គរ កាន់តែមានភាពល្បីទៅកាន់លើសកលលោក ដែលតំបន់រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា។ ទំហំដីនេះមានទាំងប្រាង្គប្រាសាទ បារាយណ៍ ត្រពាំងបុរាណ ស្ថានីយបុរាណវិទ្យា ភូមិករ ដីស្រែចម្ការរបស់សហគមន៍ប្រជាពលរដ្ឋ និងព្រៃឈើតូចធំផ្សេងទៀត​។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរា បានសហការរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍អបអរសាទរសន្និសីទលើកទី១ ស្តីពីទេសចរណ៍ ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ជាមួយក្រសួងទេសចរណ៍។

ក្នុងព្រឹត្តការណ៍នេះ ក៏មានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងប្រតិភូទេសចរណ៍២២ប្រទេស ដែលអញ្ជើញចូលរួមប្រជុំនៅខេត្តសៀមរាប នៅក្នុងពិធីដាំកូនឈើអនុស្សាវរីយ៍ នេះរៀបចំនៅបរិវេណ ស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី យ៉ាងច្រើនកោះករ។

លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ភាពល្បីល្បាញនៃអង្គរទៅកាន់ពិភពលោកសព្វថ្ងៃ មិនអាស្រ័យតែប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ តែទេសភាពវប្បធម៌ និងបរិស្ថានជុំវិញរមណីយដ្ឋានអង្គរ ក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។

អាជ្ញាធរជាតិអប្សរាបានទទួលយកស្តង់ដារ ISO14001 នៃប្រទេសជប៉ុនមកអនុវត្តលើការងារគ្រប់គ្រងបរិស្ថានបរិស្ថានអង្គរតាំងពីឆ្នាំ២០០៤មក ហើយបានទទួលជោគជ័យ ដោយទទួលបានវិញ្ញាបនបត្រនេះចំនួន៤លើករួចមកហើយ។

លោក ស៊ុ ម៉ាប បានបន្តថា តាមស្ថិតិរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០១៦ បញ្ជាក់ថា បច្ចុប្បន្នព្រៃឈើក្នុង តំបន់អង្គរទាំងមូលមានចំនួន៦៥០៥ហិចតា ស្មើនឹង១៦,២២ភាគរយ នៃផ្ទៃដីឧទ្យានអង្គរទាំងមូលចំនួននេះ មិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឲ្យតំបន់អង្គរ គ្របដណ្តប់ដោយទេសភាពបៃតងបានឡើយ។ តាមការប៉ាន់ប្រមាណ យ៉ាងហោចណាស់ព្រៃឈើ ក្នុងតំបន់អង្គរ ទាំងមូលត្រូវបង្កើនរហូតដល់ ៦០ភាគរយ នៃផ្ទៃដីសរុបទើបអាចធ្វើឲ្យអង្គរមានតុល្យភាព និងគ្របដណ្តប់ដោយទេសភាពបៃតង។

អាជ្ញាធរអប្សរា បានបញ្ជាក់ថា ដោយឈរលើគោលការណ៍នេះ អាជ្ញាធរជាតិអប្សរា បានបង្កើនការដាំកូនឈើជាប្រចាំក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការជ្រើសរើសដីទំនេរ ទីកន្លែងសាធារណៈ វត្តអារាម ការដាំជំនួសដើម្បីចាស់ដែលឈើងាប់ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ នៅតាមផ្ទះសម្បែង និងតាមភ្លឺស្រែជាដើម ក្នុងគោលបំណងរក្សាតុល្យភាព បរិស្ថានក្នុងតំបន់ប្រាង្គប្រាសាទអង្គរ និងក្នុងពិភពលោកកាត់បន្ថយការ កើនឡើងកម្តៅថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរា តែងតែសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថានជាដើម ដើម្បីជំរុញការដាំកូនឈើក្នុងតំបន់អង្គរតាមរយៈកម្មវិធីរុក្ខទិវា និងកម្មវិធីបរិស្ថានជាដើម៕