(ភ្នំពេញ)​៖ និស្សិតប្រមាណជាង១០០នាក់ នៃដេប៉ាតឺម៉ង់ភាសាបារាំង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មកពីមហាវិទ្យាល័យផ្សេងៗគ្នា បានជួបជាមួយក្រុមហ៊ុនជាច្រើន មកពីសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីទទួលបានបទពិសោធន៍ និងគន្លឹះជោគជ័យក្នុងការសិក្សា និងការទំនាក់ទំនងនានា ដែលកម្មវិធីនេះ រៀបចំដោយទីភ្នាក់ងារឧត្តមសិក្សាដែលប្រើភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា ធ្វើឡើងសម្រាប់និស្សិត ដែលសិក្សានៅវិទ្យាស្ថានភាសាបរទេស និងផ្នែកសំណង់ស្ថាបត្យកម្ម ព័ត៌មានវិទ្យា គីមីអាហារ និងឧស្សាហកម្ម នៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា។

ការរៀបចំកម្មវិធីនេះ ធ្វើឡើងនៅតាមទីកន្លែងខុសៗគ្នាទៅតាមជំនាញ និងវិស័យបណ្តុះបណ្តាល រួមមាន​៖ វិទ្យាស្ថានភាសាបរទេស នៅថ្ងៃ១០ ខែមិថុនា និងសាលាតិចណូ នៅថ្ងៃទី១៤ ខែមិថុនា ដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញដល់និស្សិតនូវលក្ខណ្ឌការងារ និងលទ្ធភាពទទួលបានការងារ ឬកម្មសិក្សា និងការចែករំលែកនូវបទពិសោធន៍ របស់អ្នកជំនាញ ធ្វើយ៉ាងណាជួយត្រួសត្រាយផ្លូវដល់និស្សិត ដែលនឹងបញ្ចប់ការសិក្សា នាពេលខាងមុខ។

ក្រៅពីឱកាសការងារក្នុងស្រុក ក៏មានយុវជនស្ម័គ្រចិត្តអន្តរជាតិ នៃបណ្តាប្រទេស (VIF) ដែលប្រើភាសាបារាំង​ធ្វើការបង្ហាញដល់និស្សិត នូវឳកាសទទួលបានការងារស្ម័គ្រចិត្ត នៅតាមបណ្តាប្រទេសនានា លើពិភពលោកផងដែរ។

យុវជនស្ម័គ្រចិត្តអន្តរជាតិ បានលើកទឹកចិត្តយុវជនកម្ពុជា ដែលចេះភាសាបារាំងឲ្យដាក់ពាក្យធ្វើការស្ម័គ្រចិត្ត​ទៅតាមជំនាញរបស់ខ្លួន ដើម្បីទទួលបានបទពិសោធន៍ការងារ នៅលើឆាកអន្តរជាតិ ហើយក៏បានប្រាប់អំពីលក្ខណ្ឌនានា និងវិធីសាស្ត្រ ដើម្បីទទួលបានការងារស្ម័គ្រចិត្តអន្តរជាតិផងដែរ។

នៅក្នុងជំនួបទាំងពីរនេះ និស្សិតបានស្វែងយល់អំពីនិយោជក និងតម្រូវច្រើនរបស់ក្រុមហ៊ុន និស្សិតអាចសួរសំណួរជាច្រើនទាក់ទងនឹងឳកាស ដែលពួកគេអាចទទួលបានការងារ ឬកម្មសិក្សានាពេលខាងមុខ និងអំពីបទពិសោធន៍នានា​ សម្រាប់និស្សិតក្នុងការដាក់ពាក្យ និងការអភិវឌ្ឍខ្លួនក្នុងអាជីពរបស់ខ្លួន​ ក៏ដូចជាក្នុងការសិក្សាបន្ត។ ដើម្បីសម្រួលក្នុងការទាក់ទងជាមួយក្រុមហ៊ុននានា វាគ្មិន និងនាយកគ្រប់គ្រងធនធានមនុស្សទាំងនោះ​ បានផ្តល់ជូនលេខទូរស័ព្ទ​ ក៏ដូចជាអ៊ីម៉ែលដល់និស្សិត ដើម្បីពួកគេអាចផ្ញើប្រវត្តិរូបសង្ខេប និងបេក្ខភាពស្នើសុំការងារ ក៏ដូចជាការស្នើសុំចុះហាត់ការងារ ឬកម្មសិក្សាជាដើម។

ជំនួបទាំងនេះ​ បានបញ្ចប់ដោយការពិសាអាហារសម្រន់ ដែលជាឳកាសមួយអាចឲ្យនិស្សិតជួបប្រាស្រ័យផ្ទាល់​ ជាមួយតំណាងក្រុមហ៊ុន និងផ្លាស់ប្តូរយោបល់គ្នា ក្នុងបរិយាកាសស្និទ្ធស្នាល និងភាតរភាព៕