(ភ្នំពេញ)៖ លោក ប្រាក់ សុជាតិ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះឆ្មក់បង្ក្រាបទីតាំង ហាងលក់កាហ្វេ លួចបង្កប់លែងល្បែងស៊ីសង មានដូចជា ជល់មាន់ អាប៉ោង បៀ ដោយឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន៦នាក់ ដកហូតបានម៉ូតូ១២គ្រឿង មាន់០៥ក្បាល និងដកហូតសំភារៈល្បែងមួយចំនួនធំ​។

ករណីចុះឆ្មប់បង្ក្រាបខាងលើ បានធ្វើឡើងនៅវេលាម៉ោង០២៖០០រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតត្រង់ចំណុច ហាងកាហ្វេមួយកន្លែង គ្មានយីហោ តាមបណ្តោយផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប្រាក់ សុជាតិ អធិការរងខណ្ឌបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់អធិការខណ្ឌ បានឲ្យលោកដឹកនាំកម្លាំង ចុះបង្រ្កាបទីតាំងល្បែង ជល់មាន់ បាញ់អាប៉ោងនិងបៀមួយកន្លែងដុះស្លែខាងលើនេះ ឲ្យខានតែបាន។

បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងទាំង០៦នាក់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕