ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឡើងវិញជាថ្មីម្ដងទៀត ចំពោះអ្នកដែលប្រើពាក្យសម្ដីជេរប្រមាថអាយុជីវិតអ្នកដទៃ នៅលើបណ្ដាញសង្គម Facebook កុំឲ្យគិតថា គេមិនដឹងអ្នកកំពុងតែ​នៅទីណាឲ្យសោះ បើទោះបីជាអ្នកនោះនៅបរទេសក៏ដោយ​។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា បើទោះបីអ្នកដែលប្រើការជេរប្រមាថអាយុជីវិតគេ កំពុងតែឈរជើងនៅបរទេសនោះ ក៏គេអាចរកទីតាំងនោះបានដូចគ្នាដែរ ហើយគេនឹងរង់ចាំអ្នកនោះ នៅពេលដែលវិលចូលស្រុកកំណើតវិញ ជាក់ជាមិនខានឡើយ ហើយសម្ដេចថា នៅពេលដែលអ្នកនោះភ្លាត់ស្នៀតចូលស្រុកវិញ គេនឹងចាប់ជាក់ជាមិនខាន ប្រសិនបើគេចង់ធ្វើបែបនេះ។

ការបញ្ជាក់ឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើ​នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែក សញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា ​«ពិតមែនហើយ ការជេរប្រទិចនៅតាមបណ្ដាញ Facebook នៅតែមាន រហូតទៅដល់ការប្រមាថអាយុជីវិតទៀតផង ទៅតាម Facebook តែណុងកម្មរបស់គេទេ គេអត់នឹកស្មានថាពេលដែលបង្ហោះចេញ បង្ហោះចេញពីទីណាគេយល់មិនដល់ទេ អ្នកលេង Facebook ទំាងឡាយអើយ សូមជួយប្រាប់ទៅអ្នកឯងបង្ហោះ នៅបាងកកគេដឹងថា អ្នកឯងឈរជើងនៅកន្លែងណាគេទាក់ទងទៅកន្លែងនោះហើយ កុំឆ្ងល់ពេក អ្នកខ្លះបង្ហោះនៅបាងកក ប៉ុន្ដែយើងចាំនៅភ្នំពេញ ចាំនៅស្រុកដល់អ្នកឯងមកគេយក»

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការជេរប្រមាថនេះ កាលពីពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ដែលជាមន្ដ្រីនគរបាល ឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ ​មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យនាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ដែលបានសរសេរប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម Facebook ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ក្រោយមកបន្ទាប់ពីបញ្ជូនសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ, នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ លោក ហេង សុខណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងគ្រួសារសម្តេចដាក់ពន្ធនាគារហើយផងដែរ។

ថ្លែងដល់ចំណុចការជេរប្រមាថគ្នា នៅលើបណ្ដាញសង្គម Facebook ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងនូវការភ្ញាក់នូវពាក្យជេរមួយឃ្លាថា «អាចោរថង់យាម» ដែលពាក្យនេះជេរប្រមាថទៅលើព្រះសង្ឃ ហើយត្រូវបានប្រើដោយ​មេដឹកនាំគណបក្សនយោបាយមួយរូប​ ប៉ុន្ដែអ្នកដែលប្រើពាក្យនេះ បានអះអាងថា មិនបានជេរទៅលើព្រះសង្ឃនោះទេ។ សម្ដេចថ្លែងថា ​«ថ្ងៃមុនខ្ញុំអត់ដែរឮសូរ អាចោរថង់យាម ក្មេងស្រីម្នាក់​គាត់ថា មេរបស់គាត់អត់បានជេរលោកទេ តែជេរមនុស្សអាចោរថង់យាម»៕​