(ភ្នំពេញ)៖ ​ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ ពលរដ្ឋខ្មែរចំនួន២១នាក់ ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ នៅក្នុងប្រទេសវៀតណាម។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ​ពលរដ្ឋខ្មែរទាំង២១នាក់ មានអាយុចន្លោះពី១ឆ្នាំ ដល់៦៣ឆ្នាំ (ក្នុងនោះ​កុមារ​ចំនួន១៥នាក់) មកពីខេត្តស្វាយរៀង (១៩នាក់) ខេត្តកំពត(១នាក់) និងរាជធានីភ្នំពេញ(១នាក់) ហើយត្រូវបានអាជ្ញាធរវៀតណាម រៀបចំឲ្យស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គម ទីក្រុងហូជីមិញ(ចំនួន១២នាក់) និងមជ្ឈមណ្ឌលគាំពារសង្គមនៃមន្ទីរ សង្គមកិច្ចខេត្តទៀនយ៉ាង (ចំនួន៩នាក់)។

​ក្រសួងបន្ថែមថា ​ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងជូនពលរដ្ឋទាំង២១នាក់ មកកម្ពុជាវិញ ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយនឹងបន្តប្រគល់ជូនមន្ទីរ សង្គមកិច្ច ខេត្តស្វាយរៀង៕