ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទាំងជំនឿមុតមាំថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នឹងគ្មានភាពក្លាហានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការសន្យារបស់ខ្លួននោះឡើយ ដរាបណាទ្វារពន្ធនាគារ នៅតែបើកចំហររង់ចាំនោះ។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរូបលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា បានប្រកាសប្តូរចិត្តមិនចូលមកប្រទេសកម្ពុជាវិញ រហូតដល់មានការធានានូវសុវត្ថិភាពសម្រាប់លោក។ ក្នុងនាមជាអ្នកនយោបាយជើងចាស់ និងបានដឹងចរិតលោក សម រង្ស៊ី យ៉ាងជាក់ច្បាស់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាពន្ធនាគារនៅតែជាឧបសគ្គសម្រាប់លោក សម រង្ស៊ី ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «មើលអ្នកក្លាហាន សូមអញ្ជើញទ្វារចំហរហើយ! ពីមុនខ្ញុំគិតសុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយសារលោកថាមកភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹងបានក្នុងបទអត្ថាធិប្បាយបិទកន្ទុយចុងក្រោយរបស់ខ្ញុំលើកជាសំណួរថា អ្វីជាឧបសគ្គសម្រាប់ការវិលត្រឡប់ គឺគុក។ ហើយបើគុក ជាឧបសគ្គ មួយជីវិតនេះ គាត់អត់មកទេ»

លោក សម រង្ស៊ី ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា ដែលមាននិន្នាការគាំទ្របក្សប្រឆាំងនៅយប់ថ្ងៃទី១៣ ខែមិថុនា បានថ្លែងថា លោកនឹងត្រឡប់ចូលប្រទេសកម្ពុជាវិញភ្លាម ឲ្យតែរាជរដ្ឋាភិបាលលុបចោលបំរាម ដែលបានរារាំងរូបលោក នាពេលកន្លងមក។ លោក សម រង្ស៊ី ថែមទាំងបានបញ្ជាក់ទៀតថា ឲ្យតែមានការបើកផ្លូវ និងលែងរារាំងរូបលោកមិនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញនោះលោកនឹងត្រឡប់មកកម្ពុជាភ្លាម បើទោះបីត្រូវជាប់ពន្ធនាគារក៏ដោយនោះ។

បន្ទាប់ពីកាថ្លែងនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមិថុនា ម្សិលមិញនេះ ក៏បានសម្រេចលុបចោលសេចក្តីណែនាំក្នុងការរាំងខ្ទប់លោក សម រង្ស៊ី មិនឲ្យចូលស្រុក ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចលុបសេចក្តីណែនាំនេះ គឺក្នុងបំណងបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូលក្នុងប្រទេសទៅតាមបំណងប្រាថ្នា។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក៏បានឆ្លៀតពន្យល់ផងដែរថា សេចក្តីសម្រេចរារាំងដំណើរលោក សម រង្ស៊ី មកប្រទេសកម្ពុជា កាលពីពីឆ្នាំ២០១៦នោះ គឺជាខែលសម្រាប់ការពារអាយុជីវិតរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ សម្តេចតេជោ បានពន្យល់ថា ប្រសិនបើគ្មានការដាក់ចេញនូវការណែនាំនោះទេ ហើយលោក សម រង្ស៊ី វិលត្រឡប់ត្រឡប់ចូលស្រុកនោះ ប្រាកដជាមានចំណាត់ការរបស់តុលាការ ហើយសមត្ថកិច្ចប្រាកដជាចាប់ខ្លួន និងអាចនាំឲ្យមានការប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយដែលលោក សម រង្ស៊ី យកបំណងល្អនេះទៅធ្វើជាការវាយប្រហារទៅវិញ។

សម្តេចតេជោ បានពន្យល់យ៉ាងដូច្នេះ «តាមពិតអា ស.ជ.ណ មុន មានគោលដៅការពារសុវត្ថិភាពជីវិតរបស់គាត់ (លោក សម រង្ស៊ី) តែម្តង សុខចិត្តឲ្យគេដៀលត្មេះ។ សុខចិត្តឲ្យត្មេះដៀល តែមិនចង់ឲ្យឃើញឈាមខ្មែរហូរទេ។ បំរាមមុនក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ មិនមែនបិទសិទ្ធិ។ ប៉ុន្តែគាត់ (លោក សម រង្ស៊ី) យកទៅជាបញ្ហាថាយើងបិទសិទ្ធិទៅវិញ តែសម្រាប់អ្នកគ្រប់គ្រងប្រទេស យើងមិនចង់ឲ្យមានហិង្សាកើតឡើងទេ ព្រោះតែចុះដល់ដីច្បាស់ណាស់ថា ការចាប់ខ្លួនមួយនឹងត្រូវធ្វើហើយ។ នេះជាអំណាចតុលាការ បញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌គេទៅចាប់ហើយ ជាប់គុកប៉ុន្មានអីប៉ុន្មាននោះ ជាអំណាចសាលក្រម»

ក្នុងពិធីចែកសញ្ញាបត្រនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងហួសចិត្តផងដែរថា ចំពោះលោក សម រង្ស៊ី ដែលបានថ្លែងចង់មកប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិជាមួយសម្តេចនៅក្នុងឆ្នាំ២០១៨ ខណៈដែលរូបលោកមិនមានតួនាទីអ្វីទាំងអស់នៅក្នុងគណបក្សសង្រ្គោះជាតិ។ សម្តេចតេជោ បានផ្លែផ្កាឲ្យលោក សម រង្ស៊ី ថែមទៀតថា ប្រសិនបើចង់មកប្រកួតប្រជែងជាមួយសម្តេច គួរតែប្រកួតប្រជែងក្នុងបក្សឲ្យឈ្នះជាមុនសិនទៅ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានរត់គេចចេញពីប្រទេសកម្ពុជាតាំងពីចុងឆ្នាំ២០១៥មកម្ល៉េះ ដើម្បីគេចចេញពីសំណាញ់ច្បាប់ក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ពីសំណាក់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ មកដល់ពេលនេះមានបណ្តឹងមិនតិចជាង ៥បណ្តឹងនោះទេ ដែលកំពុងស្ថិតនៅក្នុងដៃរបស់តុលាការ ដែលក្នុងរួមមានទាំងបណ្តឹងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ បានបញ្ជាក់ជាថ្មីថា សម្តេចមានការនឿយហត់ខ្លាំង ហើយសម្តេចនឹងមិនចុះហត្ថលេខា ដើម្បី សុំព្រះរាជទានលើកលែងទោសឲ្យលោក សម រង្ស៊ី ទៀតនោះឡើយ។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើលោក សម រង្ស៊ី មិនត្រឡប់ចូលស្រុកដូចការសន្យារបស់លោក ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលការរារាំងកាលពីឆ្នាំ២០១៦ហើយនោះ លោក សម រង្ស៊ី នឹងត្រូវរងការនិន្ទារិះគន់ពីអ្នកគាំទ្រ និងមហាជនថា លោកជាអ្នកនយោបាយចរិតមាន់សម្លកំសាកញី។ ជាពិសេសជាអ្នកនយោបាយអន់ជាងលោក កឹម សុខា ដែលហ៊ានប្រឈមមុខនិងច្បាប់ មិន ដែលរត់គេចខ្លួនទៅក្រៅប្រទេស ហើយលោក សម រង្ស៊ី រឹតតែអន់ជាងសកម្មជនទាំង ១៧រូប ដែលហ៊ានក្រាញននៀលនៅក្នុងប្រទេសឲ្យ ប្រទេសចាប់ដាក់ពន្ធនាគារតាមអំណាចច្បាប់៕