(ភ្នំពេញ)៖ បន្ទាប់ទទួលបានការណែនាំពីលោក ពេញ​ ធារម្យ​ ប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ​​ នៅព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ​២០១៧នេះ​ លោក​ គង់​ វុទ្ធី​ អនុប្រធានកាំកុងត្រូលបាន​ ដឹកនាំមន្រ្តីកាំកុងត្រូលផែស្ងួត សហការជាមួយគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ទំនិញនៅផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ទៅលើ ទំនិញចំនួន​៧០គំរូ។

លោក​ គង់​ វុទ្ធី​ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមានផ្ទុកសារធាតុ​ពុលនិងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​  និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។​

លោកក៏បាន​បញ្ជាក់បន្ថែមថា​ ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៧០គំរូ​ ក្នុងនោះ៦៨គំរូ គ្មានសារធាតិគីមីហាមឃាត់នោះទេ​ប៉ុន្តែមន្ត្រី កាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិត នៅក្នុងខ្ទឹមស​ នឹងខ្ទឹមក្រហម​ដូច្នេះសមត្ថកិច្ច សម្រេចដកហូតខ្ទឹមស១,៣គីឡូក្រាម​ នឹងខ្ទឹមក្រហមចំនួន​ ០,៨គីឡូក្រាម​ នឹងបានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការ ដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព អ្នកប្រើប្រាស់៕