(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសពីភាពជោគជ័យ ក្នុងការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលបង្កឲ្យដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅនេះ គឺប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហិង្សា អ្វីកើតឡើងគួរឲ្យកត់សម្គាល់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខ អចិន្រ្តៃយ៍កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេច ស ខេង បានបញ្ជាក់ថា «ភាពជោគជ័យនោះ គឺដោយសារតែដំណើររៀបចំការបោះឆ្នោត ឃុំជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ តាំងពីការចាប់ផ្តើមរហូតដល់ចប់ គឺគ្មានអ្នករបួស ឬស្លាប់ ហើយគ្មានការគំរាមកំហែងណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត»។

សម្តេចក្រឡាហោម បានបន្តទៀតថា ភាពល្អប្រសើរខាងលើនេះ គឺបានមកពីការត្រៀមរៀបចំជាមុន របស់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការដាក់ចេញនូវវិធានការផ្សេងៗ មុនដំណើរការ នៃការរៀបចំការបោះឆ្នោតឃុំសង្កាត់នេះ និងបូករួមជាមួយនិងការរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ទាំងមូលបានរួបរួមគ្នា ក្នុងការចូលរួមចំណែកការការពារសន្តិសុខ នៃការបោះឆ្នោតនេះ។

បើតាមសម្តេច ស ខេង ដំណើរការនៃការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ដែលកម្ពុជាបានរៀបចំនោះ គឺមានភាពល្អប្រសើរជាង បើទោះបីជាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋានឃុំសង្កាត់ក៏ដោយ។

ជុំវិញបញ្ហាសន្តិសុខរៀបចំ នៃការបោះឆ្នោតនេះដែរ បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ សមាគម និងអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ បានកោតសរសើរចំពោះ នគរបាល និងកងកម្លាំងរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដែលបានខិតខំរក្សាសុវត្ថិភាព និងសន្តិសុខក្នុងសម័យបោះឆ្នោត។

សង្គមស៊ីវិល ក៏កោតសរសើរផងដែរ ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការ គ.ជ.ប ជាមួយអង្គការសមាគម នៃបន្ទប់ស្ថានការណ៍ ក្នុងការជួបប្រាស្រ័យទំនាក់ទំនង និងការសម្រួលកិច្ចការជាច្រើន ក្នុងបុព្វហេតុតម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៃការបោះឆ្នោត៕