(ភ្នំពេញ)៖ នៅសល់រយៈពេលតែ ៣ថ្ងៃទៀតប៉ុណ្ណោះ! ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ នឹងចូលមកដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ចុងសប្ដាហ៍នេះ ប៉ុន្ដែបើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ បានទទួលពាក្យអ្នកចុះឈ្មោះចូលរួមជិត ៥,០០០នាក់ហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា មកទល់ពេលនេះ គណៈកម្មការបានទទួលពាក្យចូលរួមសរុប ៤,៦៤៨នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ៤,០០៣នាក់ និងជនបរទេស ៦៤៥នាក់មកពី ៣១ប្រទេស ដែលជាចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ​ទាក់ទាញអ្នកចូលរួមឲ្យបាន ៥,០០០នាក់ សម្រាប់ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ។

អគ្គលេខាធិការ NOCC រូបនេះបានបន្ដថា អ្នកចុះឈ្មោះមានការកើនឡើង បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ថែមកន្លែងទទួលពាក្យនៅមុខព្រះបរមរាជវាំង ខណៈថ្ងៃទី១៥ ខែមិថុនានេះ គឺជាថ្ងៃចុងក្រោយក្នុងការទទួលពាក្យនៅទីនោះ បន្ទាប់មកគណៈកម្មការនឹងធ្វើការចែកសម្ភារៈ ឬប័ណ្ណសម្គាល់ខ្លួនរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែមិថុនា ពោលគឺមុនការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ១ថ្ងៃ។

ចំពោះគោលបំណងរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ពោលគឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី១៨ ខែមិថុនា ហើយចូលរួមផ្សព្វផ្សាយពីបរិស្ថានស្អាត ទីក្រុងស្អាតដល់ប្រជាពលរដ្ឋ។
ពិសេសជាងនេះ សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំ គណៈកម្មការនឹងបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង៕