(កំពង់ធំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទាន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមម៉ាត និងផ្សារកំពង់ធំ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ក្រែងមានដាក់តាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងន័យដើម្បីធ្វើការទប់ស្កាត់ការតាំងលក់ចែកចាយការនាំចូលផលិតផល ប្រេងខ្យងម៉ាក Yuan's ពីក្រៅប្រទេស។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយយោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សាផលិតផលឲ្យ មានអាយុកាលវែង និងហាមប្រើក្នុងផលិតផលម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលដដែលបានបញ្ជាក់ថា បន្ទាប់ពីការចុះត្រួតពិនិត្យ តាមបណ្តាម៉ាត និងផ្សារកំពង់ធំ រួចមកជាលទ្ធផល ពុំបានប្រទះឃើញទំនិញ ដែលមានសារធាតុគីមីហាមឃាត់ទាំងនេះ នៅលើទីផ្សារនោះឡើយ។ ប៉ុន្តែមន្រ្តីកាំកុងត្រូល បានរកឃើញទំនិញមួយចំនួន ខូចគុណភាពដូចជា៖ ស្ពៃកំប៉ុង ម៉ាកស្រី៣នាក់ ចំនួន៤កំប៉ុង ផលិតនៅប្រទេសថៃ មេទឹកម្នាស់ ចំនួន៣២ដប ផលិតនៅប្រទេសកម្ពុជា ទឹកស៊ីអ៊ីវផ្អែម ចំនួន៥ដប ផលិត នៅប្រទេសថៃ ប៊ឺ ចំនួន៥កំប៉ុង ផលិតនៅប្រទេសវៀតណាម ទឹកក្រូច ម៉ាកហ្វាន់តា ចំនួន២ដប ផលិតនៅប្រទេសថៃ ទឹកដោះគោជូចំនួន២៦ដប ផលិតនៅប្រទេសថៃ ទឹកដោះគោឆៅ មួយដបផលិតប្រទេសថៃ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ ក៏បានអំពាវនាវ ដល់បងប្អូនអាជីវករ ក៏ដូចជាតាមបណ្តាម៉ាតតូចធំ និងផ្សារទំនើបនានា មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យផលិតផលឲ្យបានច្បាស់លាស់ មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តឮយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសតាមមាត់ច្រក ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕