(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧​ លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ ត្រូវ​បានលោកនាយកសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ អញ្ជើញមក​ធ្វើបាឋកថា ផ្តល់បទពិសោធន៍ ជូនសិក្ខាកាមនគរបាលជាតិ ដែលជ្រើសរើសថ្មី​កំពុងបំពេញការសិក្សា​ នៅសាលាភូមិភាគ៣ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច។

​សន្ទរកថាស្វាគមន៍របស់លោកឧត្តម​សេនីយ៍ត្រី វៀក សុភាព នាយកសាលាភូមិភាគ៣ បានឲ្យដឹងថា​ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិ លើ​ក​ទី២សម្រាប់សិស្ស នាយនគរបាល នាយនគរបាលរង ដែលជាបេក្ខជនក្របខ័ណ្ឌថ្មី បានបើកវគ្គរៀនសូត្រនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧​ មានសិស្សមកពី៥ខេត្តមាន កំពង់ស្ពឺ, កំពត, កោះកុង, តាកែវ និងខេត្តព្រះសីហនុ សិស្សសរុប ចំនួន១៩៣​នាក់ ស្រី៥៥នាក់។

លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ បានផ្តល់ជាអនុសាសន៍​មួយចំនួន ជូនដល់សិស្ស ជុំវិញនៃកិច្ចប្រតិបត្តិការ ថែរក្សា​សន្តិសុខសណ្តាប់​ធ្នាប់ សាធារណៈ​ក្នុងសង្គមជូនប្រជា​ពលរដ្ឋ ក្នុងនោះលោកស្នងការ បានផ្តល់ជាអនុសាសន៍ ៥ចំណុច៖ ទី១៖នគរបាលគ្រប់រូប ត្រូវគោរពវិន័យ គោរពតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ, ទី២៖អនុវត្តដោយហ្មឺងម៉ាត់ ប្រកបដោយឆន្ទៈ និងមានប្រសិទ្ធ​ភាព, ទី៣៖បំពេញការងារ ប្រកបទៅដោយវិជ្ជាជីវៈ និងសីលធម៌, ទី៤៖សំដែងនូវភាពស្មោះត្រង់ ជានិច្ច និងទី៥៖ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងមានទំនាក់ទំនងល្អជាមួយ​មហាជន​។

​ឆ្លៀតក្នុងឱកាសនោះ ​លោកឧត្តមសេនីយ៍ទោស្នង​ការ បាននាំយក​សម្ភាមួយ​ចំនួនដូច​ជា ទឹក៣០កេះ, មី២កេះ, ត្រីខ២កេះ និងទឹកក្រូច៥កេះ ទៅជួយឧបត្ថម្ភដល់​សិក្ខាកាមផង​ដែរ៕