(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្ន កម្ពុជាបានបញ្ជូន​កម្មសិក្សាការីជិត ៤,០០០នាក់ ដែលបម្រើការងារនៅប្រទេសជប៉ុន ហើយថ្មីៗនេះ ជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្ដីពី ការធ្វើកម្មសិក្សាបច្ចេកទេស ដែលនឹងផ្ដល់ការអនុគ្រោះ និងភាពងាយស្រួលច្រើនដល់កម្មសិក្សាការីកម្ពុជានៅទីនោះ។

លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះ ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក KENSUKE TSUZUKI អនុប្រធានជាន់ខ្ពស់ នៃអង្គការសហប្រតិបត្តិការខាងការបណ្តុះបណ្តាលអន្តរជាតិជប៉ុន (JITCO) នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ។

លោកបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ កម្ពុជាមានកម្មសិក្សាការីទៅបម្រើការនៅប្រទេសជប៉ុនជិត ៤,០០០នាក់។

ក្នុងជំនួបនោះ លោក KENSUKE TSUZUKI ក៏បានលើកឡើងពីការកែប្រែមួយចំនួន​ ទាក់ទងនឹងការបញ្ជូនកម្មសិក្សា​ការីទៅប្រទេសជប៉ុន ពោលគឺការធ្វើវិសោធនកម្មច្បាប់ស្តីពី ការធ្វើកម្មសិក្សាបច្ចេកទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយច្បាប់នេះ នឹងត្រូវបានចូលជាធរមាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

លោកបន្តថា ជប៉ុនបានជួបជាមួយសហជីពរបស់ខ្លួនចំនួន ១៣ដង នៅ៨កន្លែង រួចមកហើយ ដើម្បីធ្វើការផ្សព្វផ្សាយពន្យល់ពីខ្លឹមសារនៃច្បាប់ថ្មីនេះ ហើយភាគីជប៉ុននឹងបន្តធ្វើការពន្យល់ដល់រដ្ឋជាដៃគូទាំង១៥ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដើម្បីធ្វើការស្វែងយល់ និងរៀបចំកិច្ចព្រមព្រៀងជាមួយគ្នា។

លោក KENSUKE TSUZUKI បានគូសបញ្ជាក់ថា ដោយសារច្បាប់ថ្មីត្រូវបានបង្កើតឡើង ដូចនេះ ជប៉ុនត្រូវមានការរៀបចំឱ្យមានអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ (MoU) ថ្មីរវាងប្រទេសជាដៃគូ ហេតុនេះហើយលោកសង្ឃឹមថា​ មុនខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រទេសជប៉ុននឹងអាចចុះអនុស្សរណៈរួចរាល់ ជាមួយប្រទេសជាដៃគូរទាំង១៥។ លោក KENSUKE TSUZUKI បានស្នើសុំឱ្យភាគីកម្ពុជា សហការសម្របសម្រួលដល់កិច្ចការងារនេះ ក្នុងពេលឆាប់ៗ ហោយបានធ្វើការអញ្ជើញលោកបណ្ឌិតរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូរបស់ក្រសួងការងារកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ។

ឆ្លើយតបជាមួយលោក KENSUKE TSUZUKI លោករដ្ឋមន្រ្តីពេញចិត្តយ៉ាងខ្លាំង ចំពោះកំណែទម្រង់ថ្មីទៅលើច្បាប់​ទទួលយកកម្មសិក្សាការីនេះ ដែលច្បាប់នេះ បានបង្កភាពងាយស្រួល ភាពជាផ្លូវការ និងភាពស្របច្បាប់ ដល់កម្មសិក្សាការី ជាពិសេសលោកបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានកាត់បន្ថយនីតិវិធី និងលក្ខខណ្ឌមួយចំនួន ដែលបង្កភាពកាន់តែងាយស្រួលដល់កម្ពុជា ក្នុងការបញ្ជូនកម្មសិក្សាការីទៅប្រទេសជប៉ុន ជាក់ស្តែងឲ្យតែពួកគាត់​ទទួលបានការបណ្តុះបណ្តាលពី វិទ្យាស្ថានណាមួយរបស់កម្ពុជា ពួកគេនឹងត្រូវបានទទួលស្គាល់​ឲ្យទៅបម្រើការ​នៅប្រទេសជប៉ុន ជាងនេះទៅទៀត ពួកគេមិនតម្រូវឱ្យមានបទពិសោធន៍ការងារ​ លើវិស័យដែលពួកគេនឹងត្រូវធ្វើនៅប្រទេសជប៉ុនឡើយ។

លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានបង្ហើបប្រាប់លោក KENSUKE TSUZUKI ថា លោកមានគម្រោងធ្វើទស្សនកិច្ចទៅជប៉ុន នៅក្នុងខែកក្កដានេះ ដើម្បីធ្វើការចុះអនុស្សរណៈនេះផងដែរ។

គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ មានភាពល្អប្រសើរជាងមុន ដោយសារកម្មសិក្សាការី អាចធ្វើកិច្ចសន្យាការងារ រយៈពេល៣ឆ្នាំដំបូង និងមានលទ្ធភាពបន្តកិច្ចសន្យា រយៈពេល២ឆ្នាំបន្ត បាន១លើក ហើយលក្ខខណ្ឌក៏មានការបន្ធូរបន្ថយច្រើនជាងមុន។

លោករដ្ឋមន្រ្តី អ៉ិត សំហេង មានសង្ឃឹមយ៉ាងមុតមាំថា លោកប្រធាន KENSUKE TSUZUKI និងបន្តកិច្ចសហប្រតិបត្តការជាដៃគូរ និងបើកឱកាសការងារ ការបណ្តុះបណ្តាលដល់កម្ពុជាឱ្យកាន់តែច្រើនឡើង ហើយលោកមានសុឆន្ទៈថា ជប៉ុននឹងបង្កើតប្រព័ន្ធទិដ្ឋការការងារ EPS ដល់កម្ពុជា ដើម្បីកាន់តែបង្កលក្ខណៈងាយស្រួលដល់កម្មសិក្សាការីកម្ពុជា ក្នុងការទៅបម្រើការងារនៅទៅនោះ ដូចអ្វីដែលកម្ពុជាធ្វើជាមួយប្រទេសកូរ៉េ៕