(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរ នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានជាបន្តបន្ទាប់ ទៅតាមធនធាន និងគោលការណ៍ជាជំហានៗ។

លោកអភិបាលខេត្តថ្លែងដូចនេះ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ មានប្រវែង ៥១០ម៉ែត្រ កម្រាស់ ១.៥តឹក និងទទឹង ៥ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកបានបន្តថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃ។

បើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អាជ្ញាធរនៅតែបន្តកសាងផ្លូវតាមបណ្តាមូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យបានប្រសើរទៅតាម ដំណាក់កាលនីមួយៗ ដោយមិនសន្យា ឬនិយាយកុហក់នោះទេ តែធ្វើតាមធនធាន និងទៅតាមគោលការណ៍ជាហានៗ ឲ្យបានគ្រប់ទីកន្លែងដែលប្រជាពលរដ្ឋកំពុងជួបការលំបាក៕